អភិបាលខេត្តកំពង់ចាម ណែនាំមន្រ្តីជំនាញរៀបចំចងក្រង អភិរក្ស«ទីទួលបាសាន»ជាតំបន់រមណីយដ្ឋានទេសចរសហគមន៍
S
Soriya Sou
12 ម៉ោងមុន

ក្រុងកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ និងស្រុកស្រីសន្ធរ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ រៀបចំចងក្រង និងអភិរក្ស«ទីទួលបាសាន»ទៅជាតំបន់រមណីយដ្ឋានទេសចរសហគមន៍...។

ការរៀបចំចងក្រង និងអភិរក្សទីទួលបាសាន ទៅជាតំបន់រមណីយដ្ឋានទេសចរសហគមន៍ ដើម្បីពង្រីកវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ប្រកបដោយសក្ដានុពល។ លោក អ៊ុន ចាន់ដា ណែនាំដូច្នេះក្នុងដំណើរអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពតំបន់ទីទួលបាសាន កាលពីថ្ងៃទី៣០ឧសភាម្សិលមិញ។ ទីទួលបាសាន ឬ(ប្រាសាទទួលព្រះធាតុ) គឺជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មន្រ្តីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា ធ្លាប់បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនេះដោយផ្ទាល់ និងបានចាត់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះឡើងវិញ ប៉ុន្តែមិនទាន់មានគម្រោងពង្រីកឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍បែបសហគមន៍នៅឡើយទេ។ 

តាមឯកសារប្រវត្តិសាស្ត្រ និងប្រភពស្រាវជ្រាវមួយចំនួន បានបញ្ជាក់ថា «ទួលបាសាន» ធ្លាប់ជាអតីតរាជធានីនៃអាណាចក្រខ្មែរ​ ដែលបានកសាងឡើងដោយព្រះបាទពញាយ៉ាត​ នៅអំឡុង​សតវត្ស​រ៍ទី១៥​ ក្រោយពីព្រះអង្គបានបណ្តេញទ័ពសៀមឈ្លានពានចេញពីរាជធានីអង្គរ​ ហើយក្រោយមកព្រះបាទពញាយ៉ាត​ បានលើករាជធានីពីអង្គរវត្ត​ មកតាំងទីនៅទូលបាសាន​នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រប់ដែនដីនៃអាណាចក្រខ្មែរនាសម័យនោះ។ នៅតំបន់«ទួលបាសាន»នេះ មានប្រាសាទបុរាណមួយ ដែលប្រជាពលរដ្ឋហៅថា «ប្រាសាទទួលព្រះធាតុ ឬទួលបាសាន»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត