
រាជធានីភ្នំពេញ៖ ថៃធ្វើឯងចិត្តខ្លាំង ទាញទ្វារព្រំដែនបិទជាមួយប្រទេសជិតខាង គឺកម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា ដោយគ្មានការជូនដំណឹងជាមុន។ ការសម្រេចចិត្តរបស់ថៃដោយមិនគិតមុខគិតក្រោយបែបនេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនថៃខ្លួនឯង នៅតាមបណ្តោយព្រំដែន មិនមែនតែប្រជាជនកម្ពុជា និងភូមានោះទេ។

ការនាំផលិតផលចេញទៅក្រៅប្រទេស ផលិតកម្ម វិស័យទេសចរណ៍ កំពុងជួបការលំបាកមិនទាន់ធូរស្រាល, ប្រជាជនជំពាក់ធនាគារច្រើន, អ្នកវិនិយោគបរទេស មានក្ដីបារម្ភ ។ល។ ទាំងនេះ ជាលទ្ធផលអវិជ្ជមានដែលថៃទទួលបានពីការបិទព្រំដែន។ ថៃ កំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទៅៗ រហូតដល់សារព័ត៌មានបរទេស រួមទាំងសារព័ត៌មានថៃខ្លួនឯងផង ធ្លាប់ផ្សាយអត្ថបទបែបស្រាវជ្រាវនាពេលកន្លងមកថា ថៃធ្លាក់ពីខ្លាសេដ្ឋកិច្ច មកក្លាយជាអ្នកជំងឺអាស៊ី ធ្វើឱ្យប្រជាជនថៃធ្លាក់ថ្លើមក្ឌុកគ្រប់គ្នា។

កាលពីមុន ក្នុង១ឆ្នាំៗ ថៃធ្លាប់មានកំណើនសេដ្ឋកិច្ចពី៤ទៅ៦ភាគរយ ហើយក៏ធ្លាប់មានប្រវត្តិកើនឡើងពី៨ទៅ១០ភាគរយដែរ ប៉ុន្តែបច្ចុប្បន្ន កំណើនសេដ្ឋកិច្ចថៃ កើនឡើងយឺតណាស់ គឺត្រឹមតែ១,៥ទៅ២ភាគរយ ឬក៏អាចធ្លាក់ក្រោមនេះផងក៏ថាបាន។ វិបត្តិសេដ្ឋកិច្ចនេះ បានបង្ខំឱ្យថៃ ត្រូវប្តូរជំហរ១ជំហានដោយចៀសមិនផុត គឺបើកព្រំដែនជាមួយភូមាឡើងវិញ នៅចុងខែឧសភា ឆ្នាំ២០២៦ នាពេលថ្មីៗនេះ (បិទខ្លួន បើកវិញក៏ខ្លួនឯង)។

ថៃបើកព្រំដែនជាមួយភូមា ជំរុញឱ្យមានការចោទចេញជាសំណួរថា តើថៃ អាចនឹងកាត់កេរកាត់ខ្មាស មកលបបើកព្រំដែនជាមួយកម្ពុជាវិញស្ងាត់ៗដែរឬទេ? បើពិនិត្យលើទិដ្ឋភាពសេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់ថៃនាពេលនេះ ការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ មិនមែនមិនអាចទៅរួចនោះទេ។

១.វិបត្តិសេដ្ឋកិច្ច និងតម្រូវការពាណិជ្ជកម្មឆ្លងដែន៖ ជាមូលហេតុចម្បងដែលរុញច្រានឱ្យថៃបើកព្រំដែនជាមួយភូមា ហើយកត្តានេះ ក៏អាចនឹងក្លាយជាចលករ ដែលធ្វើឱ្យថៃសម្រេចចិត្តបើកព្រំដែនជាមួយកម្ពុជា នៅពេលណាមួយដូចគ្នា។ លើសពីនេះ ថៃក៏ទំនងជាត្រូវការកម្លាំងពលកម្មពីកម្ពុជាវិញដែរ បន្ទាប់ពីពលករកម្ពុជាខ្ទង់លាននាក់ បានសម្រុកចាកចេញ ដោយសារថៃឈ្លានពានកម្ពុជា។ ចុះបើថៃបើកព្រំដែនវិញ និងត្រូវការកម្លាំងពលកម្មពីកម្ពុជា តើអាចនឹងមានការវិលទៅវិញទេ? យើងអាចឆ្លើយយ៉ាងខ្លីថា ប្រជាជនកម្ពុជា ឆ្អែតចិត្តហើយ ចំពោះការឈ្លានពានរបស់ប្រទេសនេះ។

២.សម្ពាធពីវិស័យឯកជន និងអាជីវករថៃតាមព្រំដែន៖ រាជរដ្ឋាភិបាលថៃ កំពុងរងសម្ពាធយ៉ាងខ្លាំងពីផ្ទៃក្នុង ដោយក្នុងនោះ ក៏មានសម្ពាធពីសំណាក់វិស័យឯកជន ស្ថាប័នពាណិជ្ជកម្ម និងសមាគមអាជីវកម្មនានា តាមបណ្តាខេត្តជាប់ព្រំដែនជាមួយកម្ពុជា។ ថៃដឹងខ្លួនច្បាស់ថា សេដ្ឋកិច្ចខ្លួននៅតាមតំបន់ព្រំដែនបានដួលគ្រេងទៅហើយ ក្នុងនោះ ផ្សារធំៗជាប់ព្រំដែន ដូចជាផ្សាររុងខ្លឿ ធ្លាប់តែជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋខ្លួន បានប្រែជាស្ងប់ស្ងាត់។ កន្លងមក មានការតវ៉ាពីក្រុមអាជីវករ និងអ្នកវិនិយោគថៃនៅតាមព្រំដែន ឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬយ៉ាងហោចណាស់ ក៏មានការបន្ធូរបន្ថយខ្លះដែរ ដើម្បីអាចធ្វើពាណិជ្ជកម្មជាមួយគ្នាបានខ្លះៗ ព្រោះពួកគេមិនអាចទ្រាំទ្រនឹងការខាតបង់ និងការបាត់បង់ចំណូលជារៀងរាល់ថ្ងៃបានទៀតឡើយ។

តាំងពីដើមទីមក ថៃប្រើលេសថា ការបិទព្រំដែន ក៏ព្រោះតែដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែនៅចំពោះមុខនៃវិបត្តិសេដ្ឋកិច្ច ការគំរាមកំហែងលើខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ហាប្រជាពលរដ្ឋបាត់ចំណូលយ៉ាងគំហុក បានជះឥទ្ធិពលដ៏អាក្រក់ដល់ជីវភាពប្រចាំថ្ងៃ រួមទាំងបញ្ហាចាក់ស្រែះជាច្រើនទៀត ថៃទំនងជាប្រឹងរកច្រកចេញជាមិនខាន ដោយមិនអាចនៅស៊ូទ្រាំរបៀបនេះ ក្នុងរយៈពេលវែងបានឡើយ។ ថៃ យល់ច្បាស់ណាស់ថា បើបើកព្រំដែនជាមួយកម្ពុជាឡើងវិញ មិនមែនជាការផ្ដល់ប្រយោជន៍ឱ្យកម្ពុជាតែម្ខាងនោះទេ ប៉ុន្តែវាជាការស្តារពាណិជ្ជកម្មឆ្លងដែនឡើងវិញ ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ថៃខ្លួនឯងផងដែរ។

គួរកត់សម្គាល់ថា ថៃមិនចេះអស់លេសនោះទេ ហើយចរិតថៃ ក៏មិនខ្លាចគេសើចចំអកចំពោះការប្រើលេសដែរ (បិទក៏មានលេស បើកវិញក៏អាចមានលេសដូចគ្នា ទោះជាលេសនោះ ត្រូវគេមើលឃើញលើគោកយ៉ាងច្បាស់ក្រឡែតក៏ដោយ)។ ចុះចំពោះកម្ពុជាវិញ? ថ្នាក់ដឹកនាំកម្ពុជា ប្រកាសជំហររាប់ភ្លេចទៅហើយថា មិនខ្វល់ខ្វាយជាមួយថៃក្នុងរឿងបើក ឬមិនបើកព្រំដែនឡើយ។

កម្ពុជា រង់ចាំមើលតែថៃប៉ុណ្ណោះ បើថៃបន្តបិទ ក៏ស្រេចតែចិត្ត ទោះយូរឆ្នាំប៉ុនណាក៏ដោយ ហើយបើថៃបើកវិញ ក៏កម្ពុជាត្រូវពិនិត្យមើលវិញដែរថាបន្ទាត់ព្រំដែនដែលថៃរំកិលចូលតាមរយៈការប្រើកម្លាំងបាយនោះ បានវិលទៅរកសភាពមុនថ្ងៃ២៨ឧសភា ២០២៥ ហើយឬនៅ បើនៅទេ ទ្វារព្រំដែនខាងកម្ពុជាក៏ពិបាកនឹងរបើកសោវិញដែរ។ យ៉ាងណាក៏ដោយ កម្ពុជា មិនត្រូវមើលតែវិបត្តិសេដ្ឋកិច្ចថៃនោះទេ តែត្រូវសម្លឹងមើលវិបត្តិសេដ្ឋកិច្ចខ្លួនឯងដែរ ហើយត្រូវធ្វើកំណែទម្រង់ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនជាអចិន្រ្តៃយ៍ និងមានភាពធន់ខ្ពស់ (សេដ្ឋកិច្ចរឹងមាំ ជាឆ្អឹងខ្នងនៃវិស័យការពារជាតិ)៕




