
ក្រុងក្រចេះ៖ ប៉ុស្តិ៍ត្រួតពិនិត្យកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងប្រើប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី៣០ឧសភា...។

មន្រ្តីក្រសួងកសិកម្ម គូសបញ្ជាក់ថា ក្នុងពេលបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងដ្រូន នៅប៉ុស្តិ៍កាំពី កញ្ញា អ៊ឹម រចនា ដែលជាអ្នកទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពដំណើរការនៃការងាររៀបចំនេះ។ អនុរដ្ឋលេខាធិការរូបនេះ លើកទ្បើងថា ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានានៅតាមដងទន្លេ។ ឆ្មាំទន្លេ និងអ្នកជំនាញ អាចឃ្លាំមើលការបម្លាស់ទីរបស់សត្វផ្សោត និងការនេសាទខុសច្បាប់ ជាពិសេស ជួយកាត់បន្ថយការចេញល្បាតរបស់ឆ្មាំទន្លេ ដោយគ្រាន់តែពិនិត្យវីដេអូផ្សាយផ្ទាល់ពីប្រព័ន្ធត្រួតពិនិត្យពីចម្ងាយ និងដ្រូន ហើយត្រៀមខ្លួនចេញអន្តរាគមន៍ទាន់ពេលវេលា ដែលអាចឱ្យការអនុវត្តការងាររបស់ឆ្មាំទន្លេ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

កញ្ញា អ៊ឹម រចនា បន្ថែមថា ការងារនេះ ជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ក្រសួងមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផលជាសេនាធិការ និងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលកំពុងអនុវត្តលើការងារនេះ៕




