
សុខភាព៖ នារីគ្រប់រូបតែងប្រាថ្នាចង់បានស្បែក-សភ្លឺរលោងស្អាត ទើបសម្រេចចិត្តប្រើប្រាស់ផលិតផលឡេលាយ ដែលធ្វើឱ្យស្បែក-សលឿនខុសពីធម្មតា ប៉ុន្បងបងប្អូននារីៗមានដឹងទេថា ឡេលាយ ឬផលិតផលធ្វើឱ្យស្បែក-សលឿនទាំងនោះ ប្រៀបបានជាឃាតកលាក់មុខដ៏ស្ងៀមស្ងាត់បំផុត ដែលអាចនឹងបង្កផលអាក្រក់ដល់រាងកាយ និងអាយុជីវិតយើងបាន។ ថ្ងៃនេះ SBM News នឹងលើកយកកត្តាសំខាន់ចំនួន២ដែលកំពុងធ្វើឱ្យសុខភាពលោកអ្នកចុះខ្សោយ ក្រោយប្រើផលិតផលខាងលើនេះ...។

១.បំផ្លាញតម្រងនោម៖ សារធាតុពុល ជាពិសេសបារតដែលមាននៅក្នុងផលិតផលធ្វើឱ្យស្បែក-ស នៅពេលលាបវាទៅលើរាងកាយ វាមិនមែននៅត្រឹមតែលើស្បែកលោកអ្នកនាងប៉ុណ្ណោះទេ ប៉ុន្តែវាបានរុលចូលតាមរយៈរន្ធញើស ជ្រាបចូលទៅក្នុងចរន្តឈាមដោយផ្ទាល់។ នៅពេលឈាមពោរពេញដោយជាតិពុល តម្រងនោមដែលជាម៉ាស៊ីនច្រោះកាកសំណល់ ត្រូវធ្វើការធ្ងន់ និងរងការបំផ្លាញពីសារធាតុគីមីទាំងនោះជារៀងរាល់ថ្ងៃ។ នេះជាមូលហេតុចម្បងមួយ ដែលធ្វើឱ្យលោកអ្នកនាងដែលប្រើប្រាស់ឡេលាយជាច្រើនត្រូវប្រឈមនឹងជំងឺខូចតម្រងនោមរ៉ាំរ៉ៃដោយមិនដឹងខ្លួន រហូតដល់ដំណាក់កាលត្រូវលាងឈាមក៏មាន។

២.សម្លាប់កសិកាស្បែកពីខាងក្រៅ៖ ផលិតផលដែលលាបឱ្យស-លឿន ឬស-ប្លែកក្នុងរយៈពេលខ្លី ភាគច្រើនមានលួចលាយបញ្ចូលនូវសារធាតុគីមីកម្រិតធ្ងន់ ដូចជា បារត (Mercury) អ៊ីដ្រូគីណូន (Hydroquinone) និងស្តេរ៉ូអ៊ីត (Steroids)។ សារធាតុទាំងនេះ ធ្វើឱ្យស្បែកសលឿនមែន តែវាបានបំផ្លាញស្រទាប់ការពារស្បែកទាំងស្រុងដូចជា ស្បែកស្តើង ងាយរលាក លេចសរសៃឈាមក្រហមៗ ឡើងជាំខ្មៅដែលមិនអាចព្យាបាលជា និងប្រឈមមុខខ្ពស់បំផុតនឹងជំងឺមហារីកស្បែក ដោយសារការបាត់បង់សមត្ថភាពការពារកាំរស្មី UV។

គួរជ្រាបថា ស្បែកស្អាត គឺជាស្បែកដែលមានសុខភាពល្អ មានសំណើម និងមិនងាយប្រតិកម្ម មិនមែនទាល់តែសទើបហៅថាស្អាតនោះទេ។ សូមបញ្ឈប់ការប្រើប្រាស់ឡេលាយ និងផលិតផលគ្មានស្តង់ដារចាប់ពីថ្ងៃនេះតទៅ។ សូមងាកមកថែរក្សាសុខភាពពីខាងក្នុង ពិសាទឹកឱ្យបានគ្រប់គ្រាន់ ប្រើឡេការពារកម្តៅថ្ងៃ (Sunscreen) ដែលមានម៉ាកយីហោត្រឹមត្រូវ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញរាល់ពេលមានបញ្ហាសុខភាព៕ ដកស្រង់ចេញពីផេក៖ មន្ទីរពេទ្យបង្អែក ស្អាង



