
សុខភាព៖ ការហាត់ប្រាណ ជួយឱ្យមានសុខភាពល្អ និងមានរាងកាយសមសួន តែលោកអ្នកនាងត្រូវដឹងពីហានិភ័យមួយចំនួន ដែលអាចកើតមានឡើងកំលុងពេលហាត់ប្រាណផងដែរ តួយ៉ាងដូចជាអាការគាំងបេះដូងជាដើម...។

ដើម្បីចៀសវាងការគាំងបេះដូងកំលុងពេលហាត់ប្រាណ សូមលោកអ្នកនាងអនុវត្តលើវិធីសាស្ដ្រទាំងនេះ៖ ១.ពិសាទឹកគ្រប់គ្រាន់៖ នៅពេលរាងកាយកង្វះជាតិទឹក ធ្វើឱ្យប្រឈមនឹងបញ្ហាខ្សោះជាតិទឹកក្នុងខ្លួន ដែលអាចបណ្ដាលឱ្យបេះដូងធ្វើការកាន់តែខ្លាំងជាងមុន និងបង្កើនហានិភ័យនៃការគាំងបេះដូង។ ដូច្នេះ លោកអ្នកនាងគួរទទួលទានទឹកគ្រប់គ្រាន់មុនពេល កំលុងពេល និងក្រោយពេល ធ្វើលំហាត់ប្រាណរួច។ ២.កុំព្រងើយកន្តើយនឹងសញ្ញាព្រមាន៖ បើមានអាការឈឺទ្រូង ដកដង្ហើមខ្លីៗ ធីងធោង វិលមុខ ឬបែកញើសច្រើនជ្រុល កំលុងពេលធ្វើលំហាត់ប្រាណ ត្រូវបញ្ឈប់ការធ្វើលំហាត់ប្រាណភ្លាមៗ និងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រទើបជាការប្រសើរ ពីព្រោះសញ្ញា និងរោគសញ្ញាទាំងនេះ បង្ហាញថា បេះដូងស្ថិតក្រោមស្ត្រេស និងអាចមានហានិភ័យនៃអាការគាំងបេះដូង។

៣.លំហាត់ប្រាណងាយៗរយៈពេលខ្លី៖ ប្រសិនបើមិនធ្វើលំហាត់ប្រាណងាយៗរយៈពេលខ្លី ក្រោយបញ្ចប់វគ្គហាត់ប្រាណនីមួយៗទេ វានឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយ។ ការធ្វើលំហាត់ប្រាណងាយៗ អាចជួយឱ្យចង្វាក់បេះដូង និងសម្ពាធឈាមថយចុះ។ លោកអ្នកនាងមិនត្រូវមើលរំលងទម្លាប់មួយនេះទេ វាអាចបង្កើនហានិភ័យនៃការកើតកំណកឈាម និងបណ្ដាលឱ្យមានបញ្ហាគាំងបេះដូង។ ៤.កម្តៅសាច់ដុំ៖ ការមិនកម្តៅសាច់ដុំ មុនពេលធ្វើលំហាត់ប្រាណ លើកទម្ងន់ភ្លាមៗ នៅពេលទៅដល់ក្លឹបហាត់ប្រាណភ្លាមៗ អាចបង្កជាផលវិបាកសុខភាពធ្ងន់ធ្ងរ។ ប្រសិនកម្តៅសាច់ដុំបានល្អ មុនពេលហាត់ប្រាណ នោះលោកអ្នកនាងនឹងអាចជួយបង្កើនចង្វាក់បេះដូង និងរំហូរឈាមទៅកាន់សាច់ដុំ។

ផ្ទុយទៅវិញ បើមិនកម្តៅសាច់ដុំទេ នោះអាចប្រឈមនឹងហានិភ័យនៃការរងរបួស ក៏ដូចជាអាការគាំងបេះដូងផងដែរ។ ៥.ហាមហាត់ប្រាណភ្លាមៗ បន្ទាប់ពីទទួលទានអាហារ៖ យោងតាមក្រុមអ្នកជំនាញ ការហាត់ប្រាណលឿនពេកក្រោយពិសាអាហារអាចបង្វែររំហូរឈាមចេញពីក្រពះទៅកាន់សាច់ដុំ បង្កជាបញ្ហាពិបាករំលាយអាហារ និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត។ លើសពីនេះ អាចបង្កើនហានិភ័យនៃអាការគាំងបេះដូង៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ


