
បទបរិយាយ៖ នៅសតវត្សរ៍ទី២១ នេះ តំបន់អាស៊ីអាគ្នេយ៍ បានប្រែក្លាយជាទីលាននៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗលើលោក។ ការកើនឡើងឥទ្ធិពលចិនយ៉ាងគំហុក, ការប្រជ្រៀតខ្លួនចូលពីសំណាក់មហាអំណាចសព្វាវុធថ្មី[ឥណ្ឌា] និងការប៉ុនប៉ងស្ដារឥទ្ធិពលឡើងវិញរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឱ្យប្លុកនេះ ជាពិសេស សហភាពឥណ្ឌូចិន ប្រែទៅក្លាយជាចំណុចប្រសព្វនៃការរត់ប្រណាំងប្រជែងសព្វាវុធ ដែលងាយនឹងទាញដៃបណ្តាប្រទេសតូចៗទាំងនេះឱ្យធ្លាក់ទៅក្នុងអន្ទាក់នៃសង្គ្រាមមរណៈ ខណៈសកម្មភាពឈ្លានពាននិយមរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ជាសាមីកាចាក់ស្រែះមួយរបស់អាស៊ានផងដែរ...។

ជាក់ស្តែង សកម្មភាពយោធាថ្មីៗនៃសមយុទ្ធយោធារវាងកម្ពុជាជាមួយឥណ្ឌា, ថៃជាមួយចិន, និងឡាវជាមួយរុស្ស៊ី បានស្តែងឱ្យឃើញពីកិច្ចសហការយោធាមិនធម្មតា! មិនធម្មតា ក៏ដោយសារតែឥណ្ឌា ចិន និងរុស្ស៊ី គឺមហាអំណាចយោធា និងនុយក្លេរអ៊ែរទាំង៣ទិសនៅតំបន់អាស៊ី។ ដូច្នេះ ការដែលមហាអំណាចអាស៊ីទាំង៣ទិស ចូលខ្លួនមកធ្វើសមយុទ្ធយោធានៅកម្ពុជា-ថៃ-ឡាវ ក្នុងពេលតំណាលគ្នានេះ គឺជារឿងក្ដៅគគុកបំផុតមិនធ្លាប់មាន ខណៈដែលយោធាថៃ កំពុងពង្រីកអំណាចវាទីនិយមឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងកម្រោល។ សូមជម្រាបថា កម្ពុជា-ឥណ្ឌា ទើបតែប្រកាសបិទបញ្ជប់សមយុទ្ធយោធារួមគ្នា ដែលហៅថា«CINBAX-II 2026 ឬ Yoddha Santepheap)» ដែលសមយុទ្ធនេះមានន័យថា «អ្នកចម្បាំងសន្តិភាព» ដោយយោធាទាំងពីរប្រទេស បានធ្វើការហ្វឹកហ្វឺនរួមជាលើកទី២ បន្ទាប់ពីលើកទីមួយប្រារព្ធធ្វើនៅប្រទេសឥណ្ឌា។

សមយុទ្ធយោធានេះ កម្ពុជាបានបញ្ជូនយោធិនចំនួន១៦០នាក់ និងកងទ័ពឥណ្ឌាមានចំនួន១២០នាក់ បានរួមដៃគ្នា បើកសមយុទ្ធយោធាលើការអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធជាក់ស្តែង ក្នុងបរិបទសង្គ្រាមសម័យទំនើប។ សកម្មភាពហ្វឹកហ្វឺនរួមមាន៖ ការបាញ់កាំភ្លើងស្នាយភើរ (Sniper), ការបាញ់កាំភ្លើងត្បាល់, យុទ្ធសាស្ត្រវាយលុកក្នុងទីប្រជុំជន, ការប្រើប្រាស់ដ្រូនយុទ្ធសាស្ត្រ និងប្រព័ន្ធប្រឆាំងដ្រូនសត្រូវ ដែលកំពុងតែមានឥទ្ធិពលបំផុតក្នុងសមរភូមិនាពេលបច្ចុប្បន្ន។ ជាទឡ្ហីករណ៍ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមបង្ក្រាបអ៊ីរ៉ង់់ ពីសំណាក់សហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែល គឺជាមេរៀនស្រាប់។ មែនទែនទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា-ឥណ្ឌា បានបង្កើនកិច្ចសហការយោធាលើការបណ្ដុះបណ្ដាលកងទ័ព និងការផ្លាស់ប្ដូរបច្ចេកទេសយោធាទៅវិញទៅមក ថ្វីបើរដ្ឋធានីញូវដេលី មិនមែនជាមិត្តដែកថែបកម្ពុជា ដូចមហាមិត្តចិនក៏ដោយ ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរ ហាក់មានភាពស្អិតល្មួតកើនឡើងខ្លាំង នៅមួយរយៈចុងក្រោយនេះ។

ចេញពីកម្ពុជា យើងទៅមើលសមយុទ្ធយោធារវាងកងទ័ពជើងគោកចិន ជាមួយយោធាថៃវិញ ជាអ្វីដែលគួរឱ្យព្រួយបារម្ភ នោះគឺ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដែកថែបជាមួយកម្ពុជា បែរជាទៅធ្វើសមយុទ្ធយោធាជាមួយថៃ ស្របពេលដែលប្រទេសជាប់របងផ្ទះកម្ពុជាមួយនេះ កំពុងបើកការឈ្លានពានដែនអធិបតេយ្យនៅតាមបណ្តោយព្រំដែនគោក ព្រំដែនសមុទ្ទរបស់ប្រទេសកម្ពុជាទៅវិញ។ សមយុទ្ធ «STRIKE 2026» រវាងចិន-ថៃ បានចាប់ផ្តើមភ្លាមៗ ក្រោយ កម្ពុជា-ឥណ្ឌា ទើបតែប្រកាសបិទបញ្ជប់សមយុទ្ធយោធា «CINBAX-II 2026 ឬ Yoddha Santepheap)»។ សកម្មភាពហ្វឹកហ្វឺនសំខាន់ៗរបស់យោធាថៃ និងចិនរួមមាន៖ ប្រតិបត្តិការវាយប្រហាររួមគ្នា, ការវាយលុកឆ្លងកាត់ផ្ទាំងថ្ម, ការលោតសម្រូតខ្លួនចុះតាមខ្សែពួរពីទីខ្ពស់ដូចជាភ្នំ, ការសង្គ្រោះបឋមចំពោះអ្នករងរបួសក្នុងសមរភូមិជាក់ស្តែង, និងការហ្វឹកហ្វឺនរស់នៅក្នុងព្រៃជ្រៅ។ល។

មានសំណួរជាច្រើនចោទសួរថា ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ចុះហេតុអ្វី..ចិនចូលខ្លួនធ្វើសមយុទ្ធនៅក្នុងប្រទេសឈ្លានពានកម្ពុជា ដែលជាមិត្តដែកថែបរបស់ខ្លួនបែបនេះ...? ថ្វីបើ ថៃ គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០០៦ និងឆ្នាំ២០១៤ ទំនាក់ទំនងរវាងរាជធានីបាងកក និងវ៉ាស៊ីនតោន បានធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេស នៅពេលដែលថៃព្យាយាមសុំទិញយន្តចម្បាំង F-35 ពីសហរដ្ឋអាម៉េរិកមិនបានសម្រេច ហើយងាកទៅទិញសព្វាវុធ យុទ្ធោបករណ៍ នាវាចម្បាំង នាវាមុជទឹកពីចិនជំនួសវិញ។ ដូចពាក្យចាស់បុរាណ្យខ្មែរពោលថា «ជួញជិតប្រសើរជាងជួញឆ្ងាយ» ម្លោះហើយ ឆ្លៀតក្នុងឱកាសនេះ ចិនបានចាប់ពង្រីកឥទ្ធិពលរបស់ខ្លួនចូលប្រទេសថៃយ៉ាងសន្សឹមៗ បើទោះបីជាក្នុងចិត្តដឹងច្បាស់ថា ថៃជាអ្នកបើកការឈ្លានពានកម្ពុជាក៏ដោយ ប៉ុន្តែផលប្រយោជន៍ជាតិ ការច្បាមយកឥទ្ធិពលក្នុងតំបន់ និងការលក់សព្វាវុធ ដើម្បីពង្រីកឃ្លាំងសេដ្ឋកិច្ចរបស់ចិន គឺជារឿងសំខាន់ជាមិត្តដែកថែបដែលផ្តល់ប្រយោជន៍ឱ្យចិន តិចជាងថៃនោះ។

យើងងាកចេញពីកម្ពុជា ដើរចេញពីថៃ មកចោលកន្ទុយភ្នែកទៅមើលឡាវដែលជាប្រទេសជាប់របងផ្ទះកម្ពុជានៅភាគឦសាន្តវិញម្ដង។ គេក៏ឃើញមានយោធារុស្ស៊ីជាច្រើននាក់ចុះពីលើយន្តហោះ ក្នុងបំណងធ្វើសមយុទ្ធយោធានៅក្នុងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ដើម្បីរឹតចំណងការទូត និងពង្រឹងសមត្ថភាពយោធាឡាវឱ្យមានការកើនឡើង ស្របទៅតាមទិសដៅនៃគោលនយោបាយបក្សកុម្មុយនីស្ដបន្សល់ពីសម័យសភាពសូវៀត។ ជាការពិត ឡាវ គឺជាប្រទេសស្ថិតក្នុងតំបន់ឥណ្ឌូចិន ដែលស្ថិតនៅព្រំដែនចន្លោះចិន ថៃ វៀតណាម និងកម្ពុជា។ ស្របពេកប្លុកឥណ្ឌូចិន កាន់តែរង្គោះរង្គើរបន្ទាប់ពីថៃបើកការឈ្លានពានលើកម្ពុជា ឡាវទោះបីរងឥទ្ធិពលសេដ្ឋកិច្ចពីប្រទេសចិន និងថៃយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែផ្នែកសន្តិសុខ និងខឿនការពារជាតិ គឺជារឿងសំខាន់ណាស់ ដែលមេដឹកនាំប្រទេសឡាវងាកទៅគាំទ្ររុស្ស៊ីឥតងាករេ។ ដូច្នេះ សមយុទ្ធយោធារវាងឡាវ-រុស្ស៊ី គឺជាសារមួយចង់ផ្តាំទៅបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ ថា ទឹកដីឡាវ មិនមែនប្រើប្រាស់ដើម្បីជាការគំរាមកំហែងសន្តិសុខក្នុងតំបន់ឥណ្ឌូចិន ទាំងមូលបានឡើយ។

តាមពិតទៅ ទំនាក់ទំនងរវាងឡាវជាមួយរុស្ស៊ី មិនមែនជារឿងថ្មីទេ ពោលគឺចាប់តាំងពីសម័យសហភាពសូវៀត រដ្ឋធានីមូស្គូគាំទ្រជាប្រពៃណីទាំងផ្នែកយោធា និងការបណ្ដុះបណ្ដាលមន្ត្រីឡាវជាច្រើននាក់ឱ្យមកដឹកនាំប្រទេសនេះ ចាប់តាំងពីផ្តួលរបបដឹកនាំដោយព្រះមហាក្សត្រ មកជាប្រធានាធិបតីវិញ។ ការណ៍ដែលឡាវធ្វើសមយុទ្ធយោធា និងពង្រីកកិច្ចសហការជាមួយរុស្ស៊ី ក្នុងបរិបទដ៏ផុយស្រួចនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់បំផុត។ សំណួរសួរថា តើមហាអំណាចនុយក្លេអ៊ែរអាស៊ីទាំង៣ [រុស្ស៊ី ចិន ឥណ្ឌា] បើកសមយុទ្ធក្នុងពេលតំណាលគ្នានៅតំបន់អាស៊ីអាគ្នេយ៍បែបនេះ ផ្តល់ផលវិជ្ជមាន ឬក៏អូសដៃប្រទេសក្នុងប្លុកនេះឱ្យធ្លាក់ចូលអន្ទាក់មរណៈដូចសម័យសង្គ្រាមត្រជាក់ទៀត ឬក៏យ៉ាងណា?...៕




