
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានបើកទ្វារវិមានរាជរដ្ឋាភិបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីវៀតណាម តូ ឡឹម (Tô Lâm) និងភរិយា កាលពីថ្ងៃទី២៨ ខែឧសភាម្សិលមិញ។ ថៃ ជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ាន ដែលប្រធានាធិបតីវៀតណាមធ្វើដំណើរទស្សនកិច្ចផ្លូវការ គិតចាប់តាំងពីលោកបានឡើងកាន់តំណែងកំពូលជាអគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានាធិបតីវៀតណាម។

នៅក្នុងជំនួបពិភាក្សាជាក្រុមតូច និងការប្រជុំពេញអង្គរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ មេដឹកនាំទាំងពីរ បានផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើការវិវត្តនៃសភាពការណ៍តំបន់ និងសកលលោក ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នា ដំឡើងកម្រិតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងកិច្ចការតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា និងពង្រឹងស្ថិរភាពនៅក្នុងប្លុកអាស៊ាន។ បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរផែនការសំខាន់ៗដែលរួមមាន៖ កម្មវិធីសកម្មភាពសម្រាប់អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ថៃ សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣១ ការបន្តកិច្ចព្រមព្រៀងលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងអនុស្សរណៈយោគយល់គ្នា (MoU) លើគម្រោងបង្កើតមជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ រវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet និងការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ។

លើសពីនេះ មេដឹកនាំទាំងពីរ ក៏បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវឡូហ្គោនិមិត្តសញ្ញាផ្លូវការ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងការទូតរវាងថៃ និងវៀតណាម មុនពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នា និងការរៀបចំពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។ អ្នកវិភាគការបរទេសមើលឃើញថា ការរឹតបន្តឹងចំណងមិត្តភាពរវាងរដ្ឋធានីហាណូយ និងរាជធានីបាងកក លើកនេះ គឺជាយុទ្ធសាស្ត្រផលចំណេញត្រួត ដើម្បីដណ្ដើមប្រៀបសេដ្ឋកិច្ច និងទាក់ទាញខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលកំពុងរត់ភៀសខ្លួនចេញពីប្រទេសចិន និងលោកខាងលិច។ ការដែលបងធំទាំងពីរក្នុងតំបន់ ងាកមកឆក់ឱកាសពង្រឹងសាច់ដុំជាមួយគ្នាបែបនេះ ហាក់កំពុងដាស់តឿនដល់បណ្ដាប្រទេសជិតខាងផ្សេងទៀតក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពប្រកួតប្រជែងការទូតសេដ្ឋកិច្ចរបស់ខ្លួន៕



