
សិង្ហបុរី៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយបុគ្គលសំខាន់ៗមួយចំនួន រួមមាន លោកស្រី មើចាណា ស្បុលចារិក អេកហ្គើ (Mirjana Spoljaric Egger) ប្រធានអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) និងលោក ខេវិន ប្រូសូ (Kevin C. Brosseau) អនុរដ្ឋមន្ត្រីការពារជាតិកាណាដា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ក្នុងឱកាសទៅចូលរួមកិច្ចសន្ទនា សាំងហ្គ្រី-ឡា (Shangri-La Dialogue) និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣។ ព័ត៌មានសង្ខេបអំពីជំនួបទ្វេភាគីនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ចែករំលែកលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែឧសភា។

លោក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូនៃអង្គការកាកបាទក្រហមអន្តរជាតិ អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នា លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខ និងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលកងទ័ពថៃប្រើល្បិចចាប់យកទៅឃុំទាំងខុសច្បាប់កាលពីកន្លងមក រហូតដល់ពួកគាត់បានធ្វើមាតុភូមិនិវត្តន៍វិញ។

ក្រៅពីនេះ ភាគីទាំង២ បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយអង្គការកាកបាទក្រហមអន្តរជាតិ។ បន្ថែមពីនេះ ភាគីទាំង២ បានគូសបញ្ជាក់ជាថ្មី អំពីសារសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។


ចំណែកជំនួបរវាងភាគីកម្ពុជា ជាមួយភាគីកាណាដាវិញ គឺផ្តោតទៅលើសារសំខាន់នៃការពង្រឹងទំនាក់ទំនង និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសសន្តិសុខសាយប៊ើ (Cybersecurity) ប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរគណៈប្រតិភូកងទ័ពទៅវិញទៅមក៕





