
ភ្នំពេញ៖ កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខ័ណ្ឌការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ។ គោលដៅ៩៥-៩៥-៩៥ របស់ UNAIDS (យូអ៊ិនអេដស៍) មានន័យថា ៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន, ៩៥ភាគរយនៃអ្នកដែលដឹងពីស្ថានភាពរបស់ខ្លួន ទទួលបានការព្យាបាល, និង៩៥ភាគរយនៃអ្នកដែលកំពុងព្យាបាល មានកម្រិតមេរោគទាបខ្លាំង ដែលជួយថែរក្សាសុខភាព និងកាត់បន្ថយការចម្លងមេរោគទៅអ្នកដទៃ។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីជោគជ័យក្នុងការទប់ស្កាត់ជំងឺអេដស៍នេះ ក្នុងជំនួបជាមួយលោកស្រី ផាទ្រីសៀ អុងភីន (Patricia Ongpin) ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ លោកស្រី Patricia Ongpin បានកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងបញ្ជាក់ថា ការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ គឺជាលទ្ធផលនៃភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងសុខាភិបាល និងកិច្ចសហការជិតស្និទ្ធរវាងដៃគូពាក់ព័ន្ធទាំងអស់។ ក្នុងឱកាសនោះ លោកស្រី ក៏បានជម្រាបជូនអំពីផែនការផ្តល់សុពលភាព និងការទទួលស្គាល់ជាផ្លូវការចំពោះសមិទ្ធផលរបស់កម្ពុជា ស្របតាមស្ដង់ដារអន្តរជាតិ។ ទន្ទឹមនឹងនេះ នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្តល់ការទទួលស្គាល់ជាផ្លូវការចំពោះសមិទ្ធផលនេះ។

ជាការឆ្លើយតប លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការ UNAIDS ដែលបានគាំទ្រកម្ពុជា ជាបន្តបន្ទាប់លើផ្នែកបច្ចេកទេស ការតស៊ូមតិ និងការចលនាធនធាន សម្រាប់ការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍។ លោករដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលនេះគឺជាភស្តុតាងបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមភាព ដោយគ្មានការរើសអើង។ ក្រសួងសុខាភិបាល ក៏បានអះអាងពីការបន្តប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០៣០ តាមរយៈការពង្រឹងសេវាបង្ការ ការធ្វើតេស្ត ការព្យាបាល និងការបង្កើននិរន្តរភាពហិរញ្ញប្បទានសម្រាប់កម្មវិធីអេដស៍នៅកម្ពុជា៕








