
ខេត្តមណ្ឌលគិរី៖ បុរសជនជាតិចិនម្នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករបងថ្ម ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរបានរកឃើញថ្នាំញៀនជាច្រើនកញ្ចប់នៅជាប់ខ្លួនជនជាតិរូបចិននេះផងដែរ។ ហេតុការណ៍នេះ កើតឡើង នៅសង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី.....។

របាយការណ៍ពីមន្ត្រីជំនាញនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំបូងឡើយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិចិនម្នាក់ បើករថយន្តបុករបងថ្មបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗ ពលរដ្ឋនៅក្បែរនោះបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅត្រួតពិនិត្យ។

ពេលសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ និងឆែកឆេរនៅក្នុងរថយន្ត ក៏បានប្រទះឃើញគ្រឿងញៀនចំនួន១៧កញ្ចប់ រួចក៏បានបញ្ជូនខ្លួនជនជាតិចិននោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការយាមការពារពីសមត្ថកិច្ច។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំឯកសារ ដើម្បីបញ្ជូជនសង្ស័យ ឈ្មោះ លីង ហ្វៃ ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្របន្ត ហើយក៏កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ដែរ៕






