
រាជធានីភ្នំពេញ៖ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះរូបភាពមួយសន្លឹក អមជាមួយសំណេរខ្លី រម្លឹកអនុស្សាវរីយ៍នៃការបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិក West Point កាលពី២៧ឆ្នាំមុន គឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ ស្រាប់តែមានជនជាតិថៃមួយចំនួន បានចូលទៅសរសេរបញ្ចេញមតិក្នុងប្រអប់ខំមិន (Comment) បែបស្មានៗថា មេដឹកនាំកម្ពុជា បានទៅរៀននៅ West Point តាមរយៈកូតារបស់កងទ័ពថៃ។

សម្តេចនាយករដ្ឋមន្រ្តី បានបង្ហោះសារមួយបន្តទៀត លើគណនីហ្វេសប៊ុកដដែល នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ដោយសម្តេចបានផ្តល់ចម្លើយបដិសេធយ៉ាងខ្លីថា មិនបានប្រើកូតារបស់កងទ័ពថៃនោះទេ។ មេដឹកនាំកម្ពុជា ផ្តល់ហេតុផលសាមញ្ញបំផុតមួយចំនួន ទៅដល់ជនជាតិថៃទាំងនោះ ដើម្បីឱ្យពួកគេភ្ញាក់ខ្លួន និងដឹងឱ្យបានច្បាស់អំពីការពិតនៃរឿងនេះ។

១. សហរដ្ឋអាម៉េរិក ជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ ដូចជាថៃ ទៅឱ្យបេក្ខជនពីប្រទេសផ្សេងមួយទៀត ដូចជាកម្ពុជានោះទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងឡើយ។ សហរដ្ឋអាម៉េរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។

៣. សញ្ញាបត្ររបស់សម្តេចពី West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងនោះទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅ West Point គឺត្រូវទទួលបានការធានា ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ ពីស្ថានទូតអាម៉េរិកប្រចាំនៅប្រទេសនោះ។

បង្ហាញហេតុផលទាំងនេះរួចហើយ សម្តេចនាយករដ្ឋមន្រ្តី ក៏លើកឡើងថា បើសម្តេច ប្រើប្រាស់កូតារបស់យោធាថៃ ដើម្បីបានទៅរៀនមែននោះ សម្តេចប្រាកដជាត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានទូតអាម៉េរិកប្រចាំនៅថៃហើយ។ សម្តេចធិបតី បន្តទៀតថា នៅឆ្នាំ១៩៩៥ សម្តេច ទទួលបានការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានទូតអាម៉េរិកប្រចាំនៅថៃឡើយ)។ ដូច្នេះ ចំណុចនេះ បញ្ជាក់យ៉ាងច្បាស់ថា កូតាដែលសម្តេចបានទៅរៀននៅ West Point គឺជាកូតាដែលអាម៉េរិកផ្ដល់មកឱ្យកម្ពុជា មិនមែនឱ្យទៅថៃដូចការលើកឡើងនោះទេ។

«បើអ្នកណាចង់បញ្ជាក់ ថាតើវាជាការពិត ឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅថៃ ថាធ្លាប់បានធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលា West Point តែម្ដងក៏បាន លើករណីនេះ។ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា គឺគ្មានករណីនេះទេ»។ នេះជាសំណេររបស់មេដឹកនាំកម្ពុជា ទៅកាន់អ្នកដែលចង់ជីកឫសគល់ពីរឿងនេះ។

សម្តេច សង្ឃឹមថា ការបញ្ជាក់នេះ នឹងបញ្ចប់ការយល់ខុសថា សម្តេចទៅរៀននៅសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ។ តាមពិត កន្លងមក ធ្លាប់មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ តែសម្តេច អះអាងថា មិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំឱ្យវែងឆ្ងាយ និងមិនចាំបាច់។ សម្រាប់លើកនេះ សម្តេច ត្រូវបញ្ជាក់ ដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត៕





