
ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិមីយ៉ាន់ម៉ា២នាក់ ត្រូវសមត្ថកិច្ចតាមប្រមាញ់បាន ក្នុងករណីជំរិតទារប្រាក់ពីនារីរងគ្រោះ៣នាក់ក្នុងទំហំទឹកប្រាក់ជិត១៥ម៉ឺនដុល្លារ នៅភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ....។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញរបាយការណ៍ថា បេសកកម្មនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីសាច់ញាតិជនរងគ្រោះជាជនជាតិចិន ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ចំនួន២លានយ័ន ឬជាង១៤ម៉ឺនដុល្លារអាម៉េរិក ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន២នាក់ ជាបុរសជនជាតិមីយ៉ាន់ម៉ា ហើយបានរំដោះនារីរងគ្រោះទាំង៣នាក់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបន្តនីតិវិធី៕






