មេដឹកនាំកំពូលវៀតណាមត្រៀមហោះទៅចាប់ដៃលោក អនុទីន ដល់រាជធានីបាងកក ស្របពេលព្រំដែនកម្ពុជាបន្តរងការឈ្លានពាន
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីហាណូយ៖ អគ្គលេខាធិការបក្សកុម្មុយនីស្ដ​ និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (Tô Lâm) និងភរិយា លោកស្រី ង៉ូ ភឿងលី (Ngô Phương Ly) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ខណៈដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលរាជធានីបាងកកកំពុងបង្ហាញចរិតឈ្លានពាន និងបង្កហេតុមកលើអធិបតេយ្យភាពកម្ពុជា...។

លោក តូ ឡឹម និងលោកស្រី ង៉ូ ភឿង លី
លោក តូ ឡឹម និងលោកស្រី ង៉ូ ភឿង លី

យោងតាមការប្រកាសដោយក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) និងភរិយា។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាម នៅពេលនេះ ក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរ កំពុងស្វែងរកការបង្រួបបង្រួម និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការសម្របសម្រួលក្នុងតំបន់។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់២២,១ពាន់លានដុល្លារ​ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង៩ភាគរយបើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសថៃបានកើនឡើង១២,៧ភាគរយ ស្មើនឹង៨,៨ពាន់លានដុល្លារ ខណៈការនាំចូលបានកើនឡើង៦,៧ភាគរយ ឬស្មើនឹង ១៣,៣ពាន់លានដុល្លារ។ បច្ចុប្បន្ន មានសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងប្រទេសថៃជាង១០០ ០០០នាក់ ហើយក៏មាននិស្សិតវៀតណាមប្រហែលចន្លោះពី២០០០ ទៅ៣០០០នាក់ កំពុងសិក្សា និងធ្វើការស្រាវជ្រាវនៅក្នុងប្រទេសថៃផងដែរ។

លោក អានុទីន ឆានវីរគុល និងភរិយា  
លោក អានុទីន ឆានវីរគុល និងភរិយា  

យ៉ាងណា ការប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម ទៅកាន់ប្រទេសថៃនាចុងខែឧសភានេះ កំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ខណៈក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយក្នុងតំបន់មើលឃើញថា នេះមិនមែនជាដំណើរទស្សនកិច្ចផ្តោតតែលើជំនួញពាណិជ្ជកម្មទេ ប៉ុន្តែវាគឺជាពេលវេលាដ៏រសើបបំផុត ព្រោះយោធាថៃតែងបង្ហាញចរិតឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ដំណើរទ្សនកិច្ចនេះ បានបង្កើតជាមន្ទិលសង្ស័យជាច្រើនអំពីស្មារតីសាមគ្គីភាពនៅក្នុងតំបន់អាស៊ាន នោះគឺថា ថៃជាប្រទេសឈ្លានពានកម្ពុជា គួរតែទទួលបានការព្រមាន ឬសម្ពាធការទូតពីអន្តរជាតិ។ យ៉ាងណា ដំណើរទស្សនកិច្ចមេដឹកនាំវៀតណាមទៅប្រទេសថៃលើកនេះ អាចជាការត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ផងក៏ថាបាន ព្រោះវៀតណាមបច្ចុប្បន្នអាចចាត់ទុកថា ជាបងធំឥណ្ឌូចិន ដូច្នេះ បើប្លុកឥណ្ឌូចិនមានបញ្ហាអស្ថេរភាព វាក៏ជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ចវៀតណាមដូចគ្នា។ ដូច្នេះ ជាយុទ្ធសាស្ត្រ វៀតណាមអាចទៅថៃដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិផង ហើយក៏អាចជាការពង្រីកឥទ្ធិពលខ្លួនលើការជួយរកដំណោះស្រាយការទូតដល់សមាជិកអាស៊ានដូចគ្នាផង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត