មុនរាជរដ្ឋាភិបាលធ្វើទំនើបកម្មវិស័យយោធា មកដឹងកម្ពុជាមានអាវុ.ធអ្វីខ្លះ កំលុងពេលធ្វើសង្គ្រាមជាមួយចោរឈ្លានពាន..?
ហៀប ស៊ីថេត
16 ម៉ោងមុន

បទបរិយាយ៖ ទោះបីជាមានបទឈប់បាញ់ ប៉ុន្តែភាពតានតឹងតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពស្រពិចស្រពិល ខណៈពន្លឺសន្តិភាពរវាងប្រទេសក្បែរខាងទាំង២ ហាក់នៅឆ្ងាយដូចជើងមេឃ និងពិបាកស្មាន ដោយសារតែយោធាថៃឈ្លានពាន នៅបន្តមួលបង្កាច់ បង្ខូចលាបពណ៌ និងចោទកម្ពុជាសព្វគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតាវាទីនិយមរបស់ខ្លួន។ មានសំណួរជាច្រើន លើកឡើងថា តើកម្ពុជាអាចបង្កើនសមត្ថភាពការពារទឹកដីរបស់ខ្លួនបានកម្រិតណាហើយ ក្រោយប៉ះទង្គិចជាមួយយោធាថៃ២លើកកន្លងមក..? បើមានការឈ្លានពានជុំទី៣ តើកម្ពុជាអាចបំបាក់មហិច្ឆតាវាទីរបស់យោធាថៃ បានដែរឬទេ...? មុនឆ្លើយសំណួរទាំងនេះ យើងមកដឹងសព្វាវុធកម្ពុជាមានអ្វីខ្លះៗ កំលុងពេលផ្ទុះសង្គ្រាមជាមួយចោរឈ្លានពាន។

នរណាក៏ដឹងដែរថា «ថៃបើកការឈ្លានពានលើកម្ពុជា ឬ Thailand Invaded Cambodia First» ប៉ុន្តែដើម្បីបានជាសម្មតិកម្មក្នុងការបកស្រាយលើមន្ទិលសង្ស័យរបស់មហាជន យើងត្រូវស្គាល់ពីសមត្ថភាពខ្លួនឯងជាមុនសិន។ សមត្ថភាពដែល SBM News ចង់លើកយកមកបរិយាយនៅពេលនេះ គឺខឿនការពារជាតិដែលមានដូចជា សព្វាវុធ យុទ្ធោបករណ៍កំពុងមានដែលកម្ពុជាអាចយកធ្វើជាកំពែងការពារទឹកដីពីសំណាក់ចោរឈ្លានពាន។ តាមពិតទៅ កម្ពុជាប្រើប្រាស់គ្រឿងបរិក្ខារសឹកចម្រុះ រួមមានយុទ្ធោបករណ៍សម័យសង្រ្គាមត្រជាក់ពីអតីតសហភាពសូវៀត និងអាវុធទំនើបខ្លះៗពីប្រទេសចិន ក៏ដូចជាគ្រឿងសឹកមួយចំនួនទៀត ដែលទទួលបានពីបស្ចិមប្រទេស ប៉ុន្តែនៅមានកម្រិតនៅឡើយ។ ថ្ងៃនេះ SBM News នឹងស្រង់យកអាវុធសំខាន់ៗគ្រប់ប្រភេទទាំងអស់ ដែលកម្ពុជាមានសម្រាប់ការការពារជាតិ ជាពិសេស ដើម្បីទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ ដោយមិនទាន់រាប់បញ្ចូលសព្វាវុធថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា កំពុងបញ្ជាទិញយកមកផ្គត់ផ្គង់ខ្លាំងអាវុធរបស់ខ្លួននាពេលថ្មីៗនេះឡើយ។

ដំបូងគេ យើងបរិយាយពីរថក្រោះ T-55៖ កម្ពុជានៅតែបន្តប្រតិបត្តិការរថក្រោះប្រយុទ្ធធុនធ្ងន់ T-55 ដែលទទួលបានពីអតីតសហភាពសូវៀត និងចិន។ រថក្រោះនេះ បានប្រឡូកក្នុងសមរភូមិទសវត្សរ៍ឆ្នាំ១៩៤០ និង៥០ ធ្វើឱ្យវាក្លាយជារថក្រោះដ៏ចំណាស់បំផុតមួយ ដែលយោធាកម្ពុជានៅបន្តប្រើប្រាស់។ វាមានប្រព័ន្ធកាំភ្លើងធំទំហំ១០០មិលីម៉ែត្រ ប៉ុន្តែបើប្រឈមមុខនឹងរថក្រោះ M60 របស់ថៃ ផលិតដោយសហរដ្ឋអាម៉េរិក ដែលបានកែច្នៃធ្វើបច្ចុប្បន្នភាព T-55របស់កម្ពុជា ចាញ់ប្រៀបទាំងកម្លាំងបាញ់ កម្រាស់ខែលការពារ និងប្រព័ន្ធគ្រប់គ្រងការបាញ់ប្រហារ។ ស្រដៀង T-55 ដែរ រថក្រោះ T-54 មួយប្រភេទទៀតបំពាក់ដោយកាំភ្លើង១០០មិលីម៉ែត្រដូចគ្នា និងកម្រាស់ការពារប្រហាក់ប្រហែលគ្នា។ ថ្វីបើវាហួសសម័យ ប៉ុន្តែនៅតែដំណើរការបានសម្រាប់ការគាំទ្រកងទ័ពថ្មើរជើង ក្នុងប្រតិបត្តិការការពារ និងវាយបក។ ក្រៅពីនេះ កម្ពុជា ក៏នៅមានរថក្រោះ Type 59 ដែលវាត្រូវបានធ្វើទំនើបកម្មបន្តិចបន្តួច បើធៀបនឹង T-54 របស់អតីតសហភាពសូវៀត។

រីឯរថក្រោះធុនស្រាលដែលកម្ពុជាកំពុងប្រតិបត្តិការរាល់ថ្ងៃ គឺប្រភេទ Type 63 និង Type 62 របស់ចិន វាបំពាក់ដោយកាំភ្លើង៨៥មិលីម៉ែត្រដូចគ្នា ប៉ុន្តែខុសគ្នាបន្តិចនៅត្រង់ Type 63 អាចប្រតិបត្តិការទាំងជើងទឹក និងជើងគោកបាន។ បើនិយាយពីរថពាសដែកវិញ កម្ពុជាប្រើប្រាស់ BRDM-2 របស់អតីតសហភាពសូវៀត ដើម្បីឈ្លបយកការណ៍លើទឹក និងលើគោក ដោយមានបំពាក់កាំភ្លើងយន្តទំហំ ១៤,៥មិលីម៉ែត្រ។ លើសពីនេះ យោធាកម្ពុជា ក៏នៅមានរថពាសដែកប្រយុទ្ធថ្មើរជើងមួយប្រភេទទៀត គឺ BMP-1 ផងដែរ ដែលបំពាក់កាំភ្លើង៧៣មិលីម៉ែត្រ និងមីស៊ីលប្រឆាំងរថក្រោះ AT-3។ BMP-1 ត្រូវបានរចនាឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មានខែលការពារស្តើង ងាយរងគ្រោះ ដោយសារកាំភ្លើងយន្តធុនធ្ងន់។ វាអាចដឹកកងទ័ពថ្មើរជើងបាន៨នាក់។ នៅក្នុងសមរភូមិជាក់ស្តែង វីរកងទ័ពកម្ពុជាអាចប្រើ BMP-1 ​ដើម្បីវាយប្រហារលើរថពាសដែកយោធាថៃបាន ដោយប្រើមីស៊ីលប្រឆាំងរថក្រោះ។ យ៉ាងណា វាមិនអាចទ្រាំទ្រ នឹងការបាញ់តទល់ក្នុងរយៈពេលយូរបានឡើយ។

លើសពីនេះ កម្ពុជាក៏មានរថពាសដែក BTR-60 មានកង់៨ផងដែរ។ វាមានប្រព័ន្ធការពារស្តើងបំផុត មិនសូវមានផាសុខភាព និងមានកាំភ្លើងយន្តមួយដើមតែប៉ុណ្ណោះ ប៉ុន្តែវាអាចរត់លើទឹកបាន។ រថពាសដែក OT-64 របស់ប្រទេសឆេកូស្លូវ៉ាគី ក៏នៅតែជាកម្លាំងគាំទ្រយោធិនកម្ពុជាយ៉ាងសំខាន់ដែរ។ ពួកវាចាស់ ប៉ុន្តែនៅតែដំណើរការសម្រាប់ការបន្លាស់ទីរបស់កងទ័ព។ ជាមួយគ្នា កម្ពុជានៅមានរថពាសដែក M113 របស់សហរដ្ឋអាម៉េរិកមួយប្រភេទទៀតសម្រាប់ប្រយុទ្ធ ប៉ុន្តែវាមិនអាចទប់ទល់នឹងមីស៊ីលប្រឆាំងរថក្រោះបានទេ ព្រោះវាចាស់វស្សា ប៉ុន្តែសម្រាប់ការដឹកជញ្ជូនកងទ័ព វានៅតែដំណើរការបានធម្មតា។ ចំណែកយានយន្តដឹកជញ្ជូនទូទៅ កម្ពុជាប្រតិបត្តិការរថយន្តធុនស្រាល Tiger 4x4 ផលិតនៅប្រទេសចិន។ វាអាចចល័តកាំភ្លើងយន្ត ការឈ្លបយកការណ៍ និងការដឹកជញ្ជូនធុនស្រាល។ វាមិនមែនជារថពាសដែកទេ ប៉ុន្តែអាចបំពាក់អាវុធសម្រាប់ប្រតិបត្តិការល្បាត និងសន្តិសុខបាន។ ក្រៅពីនេះ រថយន្ត Dongfeng Mengshi 4x4 របស់ចិន ក៏បានគាំទ្រដល់ការចល័តយុទ្ធសាស្ត្រ និងការដឹកជញ្ជូនផងដែរ។

សម្រាប់ប្រព័ន្ធកាំភ្លើងធំ៖ យោធាកម្ពុជាប្រើប្រាស់កាំភ្លើងធំ D-30 122mm Howitzer របស់អតីតសហភាពសូវៀត ដោយអាចបាញ់គ្រាប់បានទំហំ១២២មិលីម៉ែត្រ និងបានចម្ងាយរហូតដល់១៥គីឡូម៉ែត្រ។ វាជាអាវុធកាំភ្លើងធំ ធ្លាប់បានឆ្លងកាត់ការសាកល្បង និងគួរឱ្យទុកចិត្ត ដែលត្រូវបានប្រើប្រាស់ក្នុងជម្លោះនានា ជុំវិញពិភពលោក។ ក្រោពីនេះ កម្ពុជាបានប្រើប្រាស់កាំភ្លើងធំប្រភេទ Type 59-I 130mm Field Gun បាញ់គ្រាប់ទំហំ១៣០មិលីម៉ែត្រ។ វាជាកាំភ្លើងធំសេរីចាស់ ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ការបាញ់បន្តក់ពីចម្ងាយ។ កាំភ្លើងធំ ZiS-3 76mm Field Gun របស់អតីតសហភាពសូវៀត នៅតែសំខាន់សម្រាប់កម្ពុជា។ វាហួសសម័យក្នុងនាមជាកាំភ្លើងធំ ប៉ុន្តែអាចវាយប្រហារលើគោលដៅតូចៗ និងផ្តល់ការគាំទ្រការបាញ់ផ្ទាល់បាន។ ក្រៅពីនេះ កម្ពុជាក៏បានទិញកាំភ្លើងធំចល័ត 155mm Self-Propelled Howitzer ដ៏ទំនើបរបស់ចិន ប៉ុន្តែចំនួនមានកំណត់។ វាបំពាក់កាំភ្លើងទំហំ១៥៥មិលីម៉ែត្រ អាចបាញ់បានចម្ងាយរហូតដល់៥៣គីឡូម៉ែត្រ ដោយប្រើគ្រាប់រ៉ុក្កែតនាំផ្លូវ។ វាគឺជាអាវុធមានសមត្ថភាពពិតៗ ដែលថៃខ្លាចរអារ ប៉ុន្តែគួរឱ្យស្ដាយ កម្ពុជាមិនមានច្រើនទេ។

សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត៖ (ឬ Multiple Rocket Launchers) កម្ពុជាប្រើប្រាស់ទំហំ១២២មិលីម៉ែត្រ BM-21 Grad របស់អតីតសហភាពសូវៀត។ វាអាចបាញ់ចេញពីបំពង់ចំនួន៤០ដើម ក្នុងរយៈពេល២០វិនាទី ដើម្បីកម្ទេចគោលដៅខ្មាំងសត្រូវ ប៉ុន្តែភាពត្រឹមត្រូវរបស់វាមានកម្រិតទាប។ ជាងនេះទៅទៀត កម្ពុជាក៏ប្រតិបត្តិការប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត RM-70 ផងដែរ ដែលជារបស់ប្រទេសឆេកូស្លូវ៉ាគី។ វាមានសមត្ថភាពស្រដៀងគ្នាទៅនឹង BM-21 Grad ដែរ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត BM-14 និងBM-16 ជាប្រព័ន្ធរ៉ុក្កែតសូវៀតចាស់ៗ នៅតែសំខាន់សម្រាប់វីរកងទ័ពកម្ពុជា។ គួរកត់សម្គាល់ថា កម្ពុជាបានទិញប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយ PHL-03 របស់ចិន ទំហំ៣០០មិលីម៉ែត្រ និងអាចបាញ់បានចម្ងាយរហូតដល់ ១៥០គីឡូម៉ែត្រ។ វាផ្តល់ឱ្យកម្ពុជានូវសមត្ថភាពវាយប្រហារយ៉ាងជ្រៅ ចូលទៅក្នុងទឹកដីថៃ ប៉ុន្តែកម្ពុជាមិនទាន់បញ្ចេញអាត់កឺមួយនេះនៅឡើយទេ កំលុងពេលថៃឈ្លានពាន កាលពីពេលកន្លងទៅថ្មីៗនេះ។ បន្ថែមលើនេះ កម្ពុជាក៏នៅមានកាំភ្លើងត្បាល់ផ្សេងៗរួមមាន៖ ទំហំ៨២មិលីម៉ែត្រ, ១២០មិលីម៉ែត្រ, និង១៦០មិលីម៉ែត្រ។

សម្រាប់ប្រព័ន្ធការពារដែនអាកាស (Air Defense)៖ កម្ពុជាប្រតិបត្តិការកាំភ្លើងប្រឆាំងយន្តហោះធុន ZPU-1, ZPU-2, និងZPU-4 ដែលមានបំពាក់កាំភ្លើងយន្តធុនធ្ងន់ទំហំ១៤,៥មិលីម៉ែត្រ។ វាមានសមត្ថភាពប្រឆាំងឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរទាបៗ។ យោធាកម្ពុជា ក៏នៅមានកាំភ្លើងប្រឆាំងយន្តហោះ S-60 57mm ប៉ុន្តែវាហួសសម័យទៅហើយ ក្នុងការប្រឆាំងយន្តហោះចម្បាំងទំនើបៗ នាពេលបច្ចុប្បន្ន។ យ៉ាងណា វាអាចវាយប្រហារលើឧទ្ធម្ភាគចក្រ និងដ្រូនបាន។ ម្យ៉ាងវិញទៀត យោធាកម្ពុជាមានប្រព័ន្ធប្រតិបត្តិការមីស៊ីលការពារអាកាសចល័ត ស្ពាយលើស្មាផលិតដោយចិន រួមមាន៖ FN-6, FN-16, HN-5, និង QW-3។ មីស៊ីលស្ពាយលើស្មាទាំងនេះ ផ្តល់ឱ្យកងទ័ពថ្មើរជើងកម្ពុជា នូវសមត្ថភាពក្នុងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ និងយន្តហោះរបស់ថៃ ដែលហោះទាបៗ។ មីស៊ីលស្ពាយលើស្មានេះ គឺជាចុតហ្មាយគំរាមកំហែងដល់ឧទ្ធម្ភាគចក្រថៃ ប៉ុន្តែវាគ្មានលទ្ធភាពទាល់តែសោះនៅពេលជួបបក្សីស្លាបដែក៤ប្រភេទ ដែលយោធាថៃប្រើកំលុងពេលឈ្លានពានកម្ពុជា នាពេលកន្លងមក។

សូមជម្រាបថា កម្ពុជាក៏បានទិញប្រព័ន្ធមីស៊ីលការពារអាកាសកម្រិតមធ្យម KS-1C ឬ Kaishan 1C របស់ចិនផងដែរ។ KS-1C អាចវាយប្រហារលើយន្តហោះក្នុងរយៈកម្ពស់មធ្យមបាន ប៉ុន្តែសម្រាប់កងទ័ពអាកាស៖ កម្ពុជាខ្វះខាតយន្តហោះចម្បាំង។ ជាក់ស្តែង កម្ពុជាមានតែយន្តហោះដឹកជញ្ជូន VIP Airbus A320, យន្តហោះដឹកជញ្ជូន Xian MA60 ផលិតដោយចិន និងយន្តហោះប្រើប្រាស់ទូទៅ Harbin Y-12 សម្រាប់ការផ្លាស់ទីបរិក្ខាសឹក និងយោធាតែប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាយន្តហោះចម្បាំងសម្រាប់ធ្វើការប្រយុទ្ធជាមួយសត្រូវនោះទេ។ ម្ល៉ោះហើយ កងទ័ពអាកាសកម្ពុជា មិនអាចប្រជែងនឹងឧត្តមភាពផ្លូវអាកាសជាមួយយោធាថៃបានឡើយ ដែលនេះជាចំណុចខ្សោយធំបំផុតរបស់កម្ពុជា។ ថ្វីបើគ្មានយន្តហោះចម្បាំង កម្ពុជាអាចប្រតិបត្តិការឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-17 រចនាដោយអតីតសហភាពសូវៀត សម្រាប់ចល័តទ័ព និងស្បៀងផ្គត់ផ្គង់។ ក្រៅពី Mi-17 កម្ពុជាក៏នៅមានយន្តហោះ Harbin Z-9 ផងដែរ។

យន្តហោះដឹកជញ្ជូន Xian MA60 ផលិតដោយចិន  
យន្តហោះដឹកជញ្ជូន Xian MA60 ផលិតដោយចិន  

រីឯវិស័យកងទ័ពជើងទឹក៖ យោធាកម្ពុជាប្រតិបត្តិការទូកល្បាតប្រហែល១៩គ្រឿង ប៉ុន្តែការល្បាតឆ្នេរសមុទ្ទ នៅមានកម្រិតនៅឡើយ។ ថ្មីៗនេះ កម្ពុជាទើបតែទទួលបាននាវាចម្បាំងប្រភេទ 056C ពីប្រទេសចិន។ ចំណែកកងទ័ពថ្មើរជើងកម្ពុជា ប្រើកាំភ្លើង Type 56 របស់ចិន ដែលចម្លងពីកាំភ្លើង AK-47 របស់សូវៀត, កាំភ្លើងយន្ត PKM Machine Gun, កាំភ្លើង RPG-7 (ខ្មែរហៅ ត្រយ៉ូងចេក), កាំភ្លើង B-10 និង B-11 Recoilless Rifles។ គួរបញ្ជាក់ថា ថ្វីបើយោធាកម្ពុជា មានអាវុធយុទ្ធភណ្ឌច្រើនប្រភេទក៏ដោយ ប៉ុន្តែសមត្ថភាពវាយប្រហារនៅមានកម្រិត និងហួសសម័យភាគច្រើនបំផុត បើធៀបនឹងប្រទេសចោរឈ្លានពានដូចជាថៃ នោះក៏ព្រោះតែរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ បានខិតខំពង្រឹងល្បឿនខឿនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្រោយការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ដោយទុកការអភិវឌ្ឍវិស័យយោធានៅពេលក្រោយ។ ដោយឡែក រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន បន្ទាប់ពីមានការឈ្លានពានពីប្រទេសជិតខាង ពេលនេះ មានការបញ្ជាទិញសព្វាវុធថ្មីៗមកជំនួសសព្វាវុធចាស់ៗ ដើម្បីពង្រឹងខឿនការពារជាតិទាំង[ដែនគោក ដែនទឹក និងដែនអាកាស]របស់ខ្លួនឱ្យកាន់តែរឹងមាំឡើងវិញ...៕

នាវាចម្បាំងប្រភេទ 056C ពីប្រទេសចិន  
នាវាចម្បាំងប្រភេទ 056C ពីប្រទេសចិន  
យន្តហោះប្រើប្រាស់ទូទៅ Harbin Y-12
យន្តហោះប្រើប្រាស់ទូទៅ Harbin Y-12
យន្តហោះ Harbin Z-9
យន្តហោះ Harbin Z-9
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត