
រាជធានីបាងកក៖ យោធាថៃនៃយោធភូមិភាគទី២ បានធ្វើការហ្វឹកហ្វឺនលក្ខណៈប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងខេត្តស៊ីសាកេត ជាប់ព្រំដែនជាមួយកម្ពុជាដែលកំពុងមានជម្លោះ នេះបង្ហាញសញ្ញាមានផែនការបង្កប់ភាពទុច្ចរិត និងប្រកាសពីការត្រៀមខ្លួនធ្វើសង្គ្រាមជាថ្មី ខណៈអ្នកវិភាគភូមិសាស្ត្រនយោបាយក្នុងស្រុកយល់ថា សមយុទ្ធនេះបានបង្កប់នូវមហិច្ឆតាឈ្លានពានទឹកដីកម្ពុជានៅពីក្រោយ...។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ហ្វឹកហ្វឺនក្នុងស្រុកភូស៊ីង(ภูสิงห์) ខេត្តស៊ីសាកេត លោក វីរយុទ្ធ រ័ក្សសិល្ប៍ (วีรยุทธ รักศิลป์) មេបញ្ជាការយោធភូមិភាគទី២ បានចុះត្រួតពិនិត្យកន្លែងសមយុទ្ធដោយផ្ទាល់ ដោយបានតាមដានវឌ្ឍនភាពនៃការហ្វឹកហ្វឺនស្របតាមផែនការ ដើម្បីត្រៀមលក្ខណៈសម្រាប់គ្រប់គោលដៅបេសកកម្ម។ មេបញ្ជាការយោធភូមិភាគទី២ រូបនេះ បានជួបជាមួយកងទ័ពដែលកំពុងទទួលការហ្វឹកហ្វឺន ហើយលោកបានសង្កត់ធ្ងន់លើសារសំខាន់នៃការហ្វឹកហ្វឺនយ៉ាងម៉ឺងម៉ាត់ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់យោធិន ហាក់ដូចជាបង្កប់អន្ថន័យអ្វីមួយ។ យ៉ាងណា ការហ្វឹកហ្វឺននេះ បានបង្ហាញពីរថក្រោះទំនើបៗ និងអាវុធធុនធ្ងន់ៗជាច្រើនប្រភេទ។

សូមជម្រាបថា ការជ្រើសរើសយកស្រុកភូស៊ីង ខេត្តស៊ីសាកេត ស្ថិតនៅជាប់ច្រកព្រំដែនកម្ពុជា មកធ្វើជាវាលសមរភូមិហ្វឹកហ្វឺនអាវុធធុនធ្ងន់ និងរថក្រោះទំនើបៗក្នុងពេលដែលជម្លោះព្រំដែនកម្ពុជាមិនទាន់ដោះស្រាយបាននេះ មិនមែនជារឿងចៃដន្យនោះឡើយ! មិនចៃដន្យក៏នៅត្រង់ថា សមយុទ្ធនេះ គឺជាការសម្ញែងសាច់ដុំយោធា និងជាសារគំរាមកំហែងមកលើអធិបតេយ្យភាពទឹកដីកម្ពុជា។ លើសពីនេះ វាក៏ជាសញ្ញាព្រមានអាសន្នមួយ ដែលទាមទារឱ្យកងទ័ពកម្ពុជានៅខ្សែត្រៀមជួរមុខ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រៀមលក្ខណៈវាយបកគ្រប់វិនាទី ដើម្បីការពារដែនសីមារបស់ខ្លួន កុំឱ្យសត្រូវឆ្លងកាត់បានសូម្បីមួយជំហាន។ ទោះយ៉ាងណា អង្គភាពសារព័ត៌មាន SBM News នៅមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ជុំវិញការហ្វឹកហ្វឺនអាវុធធុនធ្ងន់ និងរថក្រោះទំនើបៗរបស់យោធាថៃនាពេលនេះ៕








