
រាជធានីបាងកក៖ កាសែតថៃ បានចុះផ្សាយនៅយប់ថ្ងៃទី២២ ខែឧសភាថា កងទ័ពជើងទឹកថៃ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ហើយកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មានពីភាគីកម្ពុជា។ ការប្រកាសត្រៀមខ្លួនរបស់ភាគីថៃនេះ គឺផ្ទុយស្រឡះពីភាគីកម្ពុជា ដែលនៅរក្សាភាពស្ងៀមស្ងាត់មិនធ្វើសកម្មភាពបង្កហេតុណាមួយទាល់តែសោះ ហើយតែងបង្ហាញជំហរចង់បានសន្តិភាពជានិច្ច។

លោក ផៃរ៉ូត ហ្វួងចាន់ (Pairote Fuangchan) មេបញ្ជាការកងទ័ពជើងទឹកថៃ បានលើកឡើងថា ក្រៅពីត្រៀមខ្លួនធ្វើសង្គ្រាម កងកម្លាំងជើងទឹក ក៏ធ្វើសមយុទ្ធជាប្រចាំ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសនៅក្នុងតំបន់ព្រំដែន និងតំបន់ឆ្នេរ។ លោក ផៃរ៉ូត បានបញ្ជាក់ថា កងទ័ពជើងទឹកនៅតែត្រៀមខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានការណ៍ ដោយក្នុងមានទាំងការហ្វឹកហ្វឺនប្រើប្រាស់អាវុធ ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ និងសមយុទ្ធជម្លៀសប្រជាជន។ លោក ថែមទាំងបានសង្កត់ធ្ងន់ថា តំបន់ព្រំដែនកំពុងត្រូវបានការពារយ៉ាងតឹងរ៉ឹង តាមរយៈការល្បាត ការសង្កេតការណ៍ និងការដាក់ពង្រាយកម្លាំង។

«ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តចន្ទបុរី និងខេត្តត្រាច សម្រាប់ការចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ» នេះជាសម្តីមេបញ្ជាការកងទ័ពជើងទឹកថៃ។ លោកបានបន្ថែមថា ការចូលរួមរបស់សាធារណជនក្នុងសមយុទ្ធ គឺជាផ្នែកមួយដ៏សំខាន់នៃការត្រៀមលក្ខណៈក្នុងគ្រាអាសន្ន ព្រោះវាជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប្រសិនបើមានវិបត្តិណាមួយកើតឡើង។ គេអាចនឹងមើលឃើញថា ការដែលភាគីថៃអូសទាញប្រជាពលរដ្ឋនៅខេត្តចន្ទបុរី និងខេត្តត្រាច ឱ្យចូលរួមហ្វឹកហ្វឺនពីរបៀបជម្លៀសខ្លួន ក្រោមហេតុផលត្រៀមលក្ខណៈក្នុងគ្រាអាសន្ននេះ គ្រាន់តែជាការបង្កើតរូបភាពបំភិតបំភ័យពលរដ្ឋខ្លួនឯង និងជាលេសដើម្បីបង្កហេតុជាមួយកម្ពុជាតែប៉ុណ្ណោះ៕



