
អាស៊ាន៖ មិនមែនមានតែទំហំសេដ្ឋកិច្ចធំ-តូចប៉ុណ្ណោះទេ កម្លាំងសព្វាវុធយោធាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានគម្លាតគ្នាដាច់ខ្លាំងផងដែរ។ ប្រទេសមួយចំនួនក្នុងប្លុកនេះបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពកងទ័ពជើងគោក ជើងទឹក និងជើងអាកាស និងការត្រៀមលក្ខណៈការពារជាតិរួចរាល់ ស្របពេលបរិយាកាសភូមិសាស្ត្រនយោបាយសកលកាន់តែស្មុគស្មាញ ជាពិសេស ចាប់តាំងពីយោធាថៃបើកការឈ្លានពានកម្ពុជានៅថ្ងៃទី២៨ឧសភា ឆ្នាំ២០២៦។ ថ្ងៃនេះ SBM News នឹងបង្ហាញប្រទេសក្នុងតំបន់ជាមួយនឹងចំនួនរថក្រោះប្រយុទ្ធ ដែលបណ្តាប្រទេសទាំងនោះកំពុងមាននៅក្នុងឃ្លាំង។ តើលោកអ្នកដឹងទេ ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខប៉ុន្មាន ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក...?

មិនមែនជារឿងចៃដន្យឡើយ ប្រទេសវៀតណាម បាននាំមុខគេដាច់ភឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កងកម្លាំងរថក្រោះប្រយុទ្ធមានរហូតដល់ទៅ២០២៩គ្រឿង ធ្វើឱ្យប្រទេសស្ថិតនៅភាគខាងកើតកម្ពុជាមួយនេះ ឈរលំដាប់ថ្នាក់ទី១១លើពិភពលោក និងក្នុងនាមជាប្រទេសមានរថក្រោះប្រយុទ្ធច្រើនជាងគេបំផុតនៅតំបន់អាស៊ាន។ លេខ២ ធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសភូមា ឬមីយ៉ាន់ម៉ា។ ថ្វីបើជាប់ផុងក្នុងរណ្តៅសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃរាប់ឆ្នាំមកសើយក៏ដោយ ប៉ុន្តែមីយ៉ាន់ម៉ាមានរថក្រោះប្រយុទ្ធរហូតដល់៧០៥គ្រឿង និងជាប់ចំណាត់ថ្នាក់ទី២៤នៅលើពិភពលោក។ ចំណែក ប្រទេសចោរឈ្លានពានកម្ពុជា [ថៃ] មានរថក្រោះប្រយុទ្ធចំនួន៦៤៨គ្រឿង ជាប់ចំណាត់លេខ៣ក្នុងតំបន់ និងទី២៧នៅលើពិភពលោក។

រីឯ ប្រទេសកម្ពុជា ឈរនៅលំដាប់ថ្នាក់លេខរៀងទី៤ក្នុងតំបន់ និងជាប់ចំណាត់ថ្នាក់លេខ៣៩នៅលើពិភពលោក ដែលមានរថក្រោះប្រយុទ្ធនៅក្នុងដៃសរុបចំនួន ៣២២គ្រឿង ខណៈរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ទុនចំណាយលើវិស័យការពារជាតិឡើងដល់ទៅ១០ពាន់លានដុល្លារអាម៉េរិក ដូច្នេះ រថក្រោះប្រយុទ្ធកម្ពុជា អាចនឹងបន្តហក់ឡើងបន្ថែមទៀត នាពេលខាងមុខ។ បើទោះបីជាកម្ពុជា[ជា]ប្រទេសមានរថក្រោះច្រើនលំដាប់ទី៤នៅក្នុងតំបន់ក៏ដោយ ប៉ុន្តែទំហំនេះមិនអាចជួយឱ្យកម្ពុជាការពារខ្លួនពីចោរឈ្លានពានទឹកដីបានទេ ដូច្នេះការធ្វើទំនើបកម្មវិស័យយោធា ជារឿងសំខាន់ណាស់ ក្នុងយុគសម័យនៃបរិបទពិភពលោកវឹកវរដូចពេលបច្ចុប្បន្ន។ ជាងនេះផងដែរ ក្រៅពីរថក្រោះប្រយុទ្ធលើដីគោក យោធាកម្ពុជា ក៏គួរតែពង្រីកឥទ្ធិពលខ្លួនលើវិស័យចម្បាំងផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀត។

ក្រៅពីនេះ ឥណ្ឌូណេស៊ីឈរនៅលំដាប់ថ្នាក់ទី៥នៅក្នុងតំបន់ ដោយមានរថក្រោះប្រយុទ្ធចំនួន៣១៣គ្រឿង។ ចំណែក សិង្ហបុរី ទោះបីជាមានទំហំផ្ទៃដីប្រទេសតូចក៏ពិតមែន ប៉ុន្តែសិង្ហបុរីកំពុងដាក់ឱ្យដំណើរការរថក្រោះទំនើបៗជំនាន់ចុងក្រោយរហូតដល់ទៅ១៧០គ្រឿង, ប្រទេសឡាវ មាន រថក្រោះប្រយុទ្ធចំនួន១៣០គ្រឿង, ម៉ាឡេស៊ី មាន៤៨គ្រឿង និងហ្វីលីពីន មាន១០គ្រឿង ខណៈប្រទេសទាំងនេះ មិនសូវផ្តោតលើចំនួនហ្វូងរថក្រោះប្រយុទ្ធនោះទេ ដោយពួកគេផ្តោតខ្លាំងតែលើកងទ័ពជើងទឹក និងជើងអាកាស ស្រដៀងនឹងប្រទេសឥណ្ឌូណេស៊ីដែរ៕



