
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃសុក្រទី២៩ឧសភានេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានការពិត ខណៈក្រុមបង្កើតព័ត៌មានក្លែងក្លាយ បាននិងកំពុងវាយប្រហារប្រទេសកម្ពុជា តាមរយៈការចេញព័ត៌មានបំភ្លៃខុសពីការពិត...។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន ដែលមានមូលដ្ឋាននៅសាធារណរដ្ឋហ្គាណាដូចជា Campaigner Online និង News Ghana បានផ្សព្វផ្សាយព័ត៌មានជាភាសាអង់គ្លេសថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026" ដែលប្រែជាខេមរភាសាថា៖(កម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦) ដោយភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក្លែងក្លាយ។ ដោឡែក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃកម្ពុជា ក៏បានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតជាភាសាចិន នៅលើបណ្តាញសង្គម WeChat ដែលអះអាងថា៖កម្ពុជាបានបិទការចូលប្រទេសជាបណ្តោះអាសន្ន និងហាមឃាត់ជនបរទេសអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជា។

ហេតុការណ៍ស្រដៀងគ្នានេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញមុខទាត់ចោលទាំងស្រុងចំពោះការក្លែងលិខិតសាធារណៈ ការប្រឌិតព័ត៌មានក្លែងក្លាយ និងចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាចេតនាមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុង ចំណោមសាធារណមតិអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា គ្មានគោលការណ៍សម្រេចឱ្យជនជាតិអាហ្វ្រិក ចាកចេញដូចការចោទប្រកាន់ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះឡើយ។ កម្ពុជាតែងតែទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះគ្រប់សមាសភាពនៃជនបរទេសដែលបានបំពេញលក្ខខណ្ឌ ត្រឹមត្រូវទាំងអស់រួមមាន៖ ធុរជន វិនិយោគិន ភ្ញៀវទេសចរ និងពលករបរទេសគ្រប់រូប ចូលមក និងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការរើសអើងអ្វីទាំងអស់។

ទន្ទឹមនោះ ក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវដល់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ សូមកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងត្រូវគោរពដល់វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ដោយត្រូវស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់ មុនធ្វើការចុះផ្សាយ ចៀសវាងការបង្កឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណមតិអន្តរជាតិមកលើកម្ពុជា៕



