កម្ពុជាទទួលការកោតសរសើរពីអ្នកវិទ្យាសាស្រ្តលំដាប់ពិភពលោក ចំពោះភាពជោគជ័យនៃការអភិរក្សសត្វផ្សោតមេគង្គ
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តកំពូលផ្នែកសត្វផ្សោតទឹកសាបលំដាប់ពិភពលោក បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ក្នុងការគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្នកំពុងមាននិន្នាការកើនឡើង និងមានសុវត្ថិភាពខ្ពស់ជាងមុន…។

លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង អ្នកជំនាញការជាន់ខ្ពស់មកពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន  
លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង អ្នកជំនាញការជាន់ខ្ពស់មកពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន  

លោកសាស្ត្រាចារ្យ បណ្ឌិត វ៉ាង ឌីង (Professor Dr. Wang Ding) អ្នកជំនាញការជាន់ខ្ពស់មកពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន បានថ្លែងការកោតសរសើរនេះ តាមរយៈជំនួបពិភាក្សាការងារជាមួយអនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ក្រោយអ្នកជំនាញរូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សា និងវាយតម្លៃផ្ទាល់នៅតំបន់ស្នូល អភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ លោកសាស្ត្រាចារ្យ វ៉ាង ឌីង ដែលត្រូវបានពិភពលោកស្គាល់ថា ជាវីរបុរសផ្នែកអភិរក្សសត្វផ្សោតទឹកសាប និងជាអ្នកជំរុញឱ្យមានបម្រាមនេសាទរយៈពេល១០ឆ្នាំនៅទន្លេយ៉ង់សេ (Yangtze) ដើម្បីសង្គ្រោះសត្វផ្សោតគ្មានព្រុយខ្នង បានវាយតម្លៃខ្ពស់លើលទ្ធផលសំខាន់ៗរបស់កម្ពុជា។

លោកបានលើកឡើងថា៖«ចំនួនសត្វផ្សោតទន្លេមេគង្គមានការកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី និងការយល់ដឹងជ្រាលជ្រៅពីជីវវិទ្យារបស់សត្វផ្សោតពីសំណាក់អាជ្ញាធរជំនាញកម្ពុជា»។ ក្នុងន័យនេះ លោកបានចាត់ទុកការមិនមានករណីសត្វផ្សោតងាប់ដោយសារមង និងឧបករណ៍នេសាទខុសច្បាប់គឺជា«សមិទ្ធផលដ៏អស្ចារ្យ» ដែលកើតចេញពីការប្តេជ្ញាចិត្តខ្ពស់ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងតំបន់ការពារស្នូល។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា 
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា 

ជាការឆ្លើយតប កញ្ញា អ៊ឹម រចនា ចាត់ទុកការទទួលស្គាល់របស់លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង ឌីង ដែលជាអ្នកវិទ្យាសាស្រ្តមានឥទ្ធិពលលំដាប់អន្តរជាតិលើការងារអភិរក្សសត្វផ្សោតទឹកសាបនេះ ជាសក្ខីភាពបញ្ជាក់ថា យុទ្ធសាស្ត្រអភិរក្សរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រចង្អុលបង្ហាញពីសំណាក់រដ្ឋមន្ត្រីកសិកម្ម ព្រមទាំងការអនុវត្តរបស់អគ្គនាយកដ្ឋានជលផល កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានស្ដង់ដារខ្ពស់ ដែលអាចជាគំរូដល់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលមានវត្តមានសត្វផ្សោតទឹកសាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត