បើកសិទ្ធិពេញលេញដល់លោក កឹម សុខា​ និងដោះលែងសកម្មជនជាង១០០នាក់ទៀត នឹងជួយផ្សះផ្សាជាតិកាន់តែខ្លាំងឬ?
Mao Sopha
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ «សូមអបអរសាទរ និងសូមស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា» នេះជាសារមួយដូចគ្នា ចេញពីមជ្ឈដ្ឋានជាច្រើន ដូចជា ស្ថានទូតបរទេស អង្គការជាតិ-អន្តរជាតិ និងគណបក្សនយោបាយនៅក្រៅរាជរដ្ឋាភិបាល។ តាមរយៈបណ្តាញសង្គម គេក៏ឃើញអ្នកគាំទ្រ បង្ហាញអារម្មណ៍សប្បាយរីករាយដែរ ពេលឃើញអតីតមេបក្សប្រឆាំងរូបនេះ ទទួលបានសេរីភាពឡើងវិញ...។

លោក កឹម សុខា, រូបពី AFP 
លោក កឹម សុខា, រូបពី AFP 

ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានដែលអបអរសាទទាំងនោះ នៅមានបំណងប្រាថ្នាធំៗ២បន្ថែមទៀត។ ទី១.ផ្តល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា និងទី២.ដោះលែងសកម្មជនជាង១០០នាក់ ដែលកំពុងជាប់ឃុំ។ លោក កឹម សុខា ថ្វីបើលោក ត្រូវបានដោះលែងពីការឃុំឃាំងក្នុងគេហដ្ឋាន តែលោកពុំមានសិទ្ធិសេរីភាពពេញបរិបូណ៌ដូចមនុស្សទូទៅ ឬដូចអ្នកនយោបាយដទៃឡើយ។ មានន័យថា លោក អាចចេញពីផ្ទះ និងធ្វើដំណើរដើរហើរក្នុងប្រទេសបានដោយសេរី តែសិទ្ធិមួយចំនួន ត្រូវហាមប្រាម ដូចជា ហាមចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ និងជាពិសេស ហាមធ្វើនយោបាយ។   

សកម្មជន
សកម្មជន

មជ្ឈដ្ឋានទូទៅ សុទ្ធតែបង្ហាញទស្សនៈមួយដូចគ្នាថា ការលើកលែងទោសឱ្យលោក កឹម សុខា គឺជាការផ្សះផ្សា និងឯកភាពជាតិខ្មែរ។ ប៉ុន្តែ ពួកគេ នៅតែចង់បានចំណុចទាំង២ខាងលើបន្ថែមទៀត ដោយយល់ថា ចំណុចសំខាន់ទាំង២នេះ អាចជួយផ្សះផ្សាជាតិខ្មែរកាន់តែខ្លាំង។

វិមានឯករាជ
វិមានឯករាជ

ក្រោយលោក កឹម សុខា ទទួលបានការលើកលែងទោស សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសំណេរខ្លីលើបណ្តាញសង្គមសង្គមថា ជា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គី [និង]ឯកភាពជាតិ»។ ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ បាននិយាយតាមពីក្រោយពាក្យសម្តេចនាយករដ្ឋមន្រ្តី «បើមានជំហានទីមួយ គឺមានជំហានបន្ទាប់ហើយ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត

បញ្ញវន្តរូបនេះ បញ្ចេញទស្សនៈថា៖«រឿងដែលធំនោះ បើរាជរដ្ឋាភិបាល មានចេតនាគ្រប់គ្រាន់ ក្នុងការឈានទៅរកការពង្រឹងឯកភាពជាតិពិតប្រាកដមែន ដំណាក់កាលបន្ទាប់ អាចចាប់ផ្តើម..!។ បើមានការដោះលែងសម្មជនជាង១០០នាក់ទៀតនោះ ខ្ញុំគិតថា យើងនឹងមើលឃើញពន្ធឺនៃស្ថានភាពវិវត្តនយោបាយវិជ្ជមានរបស់ខ្មែរយើងហើយ»។ 

លោក មាស នី
លោក មាស នី

ថ្វីបើអបអរសាទរតែមជ្ឈដ្ឋាននានា ហាក់មិនទាន់ពេញចិត្តគ្រប់គ្រាន់នៅឡើយ ព្រោះលោក កឹម សុខា នៅតែត្រូវបិទសិទ្ធិនយោបាយ និងសិទ្ធិចេញក្រៅប្រទេស ចំណែកសកម្មជនជាង១០០នាក់ទៀត នៅតែជាប់ឃុំដដែល។ តាមរយៈ SBM News លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយតបថា «ពាក្យថាគ្រប់គ្រាន់ គឺមិនចេះគ្រប់គ្រាន់នោះទេ» ហើយបើមជ្ឈដ្ឋានទាំងនោះ នៅមិនទាន់គ្រប់គ្រាន់ ក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។ បន្ទាប់មក លោកក៏បង្ហាញឱ្យឃើញថា ការលើកទោសជាប់ឃុំក្នុងផ្ទះដល់ទៅ២៧ឆ្នាំ ឱ្យលោក កឹម សុខា គឺជាការអនុគ្រោះធំធេងណាស់របស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច។ 

លោក ប៉ែន បូណា 
លោក ប៉ែន បូណា 

តើរាជរដ្ឋាភិបាល អាចនឹងពិចារណាធ្វើតាមសំណូមពរទាំង២ចំណុចខាងលើ ដែលមជ្ឈដ្ឋានទាំងនោះចង់បានដែរទេ ដើម្បីជួយផ្សះផ្សាជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត? អ្នកនាំពាក្យរូបនេះ ជូនសារត្រឡប់ទៅវិញថា តាមពិត កម្ពុជា ផ្សះផ្សាជាតិ និងឯកភាពជាតិ តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ។ លោកបន្តថា ការមានគំនិតផ្ទុយគ្នានាពេលបច្ចុប្បន្ន មិនមែនជាការបែកបាក់ជាតិនោះទេ តែជារឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យ។

ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា 
ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា 

ជាមួយគ្នា លោក ប៉ែន បូណា បានរំលេចថា គណបក្សប្រជាជនកម្ពុជា មានគុណធម៌ខ្ពស់ ដូច្នេះ ទើបបានជាគណបក្សកាន់អំណាចមួយនេះ មានភាពរឹងមាំ។ លោករម្លឹកថា សូម្បីអ្នកប្រឆាំងដែលធ្លាប់ជេរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏តែងទទួលបានការអនុគ្រោះពីសម្តេច ពេលពួកគេសុំទោស ទទួលស្គាល់កំហុស និងកែខ្លួន។ 

សម្តេចតេជោ ហ៊ុន សែន 
សម្តេចតេជោ ហ៊ុន សែន 

តើអាចនឹងមានការដោះលែងសកម្មជនជាង១០០នាក់នោះដែរទេ? លោក ប៉ែន បូណា បដិសេធការអត្ថាធិប្បាយ ដោយលោកគ្រាន់តែនិយាយខ្លីថា មិនទាន់ទទួលបានព័ត៌មានអ្វីផ្សេង ក្រៅពីព្រះរាជក្រឹត្យស្តីពីការប្រោសព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា។ ចំណែក លោក មាស នី នៅរង់ចាំមើលស្ថានភាពជាក់ស្តែង ដោយលោកមានហេតុផលថា រឿងនយោយបាយ គ្មាននរណាអាចសន្និដ្ឋានត្រូវនោះទេ គឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នកនយោបាយប៉ុណ្ណោះ (ជូនកាលចាប់ពេលយប់ ហើយជូនកាល ក៏ដោះលែងពេលយប់ដែរ)៕ 

អគារសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ 
អគារសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត