បាតុភូតធម្មជាតិប្រែប្រួលមិនទៀង! សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់
S
Sreyleak Yith
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ បើតាមការព្យាករអាកាសធាតុលើកទី១របស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សាឆ្នាំនេះចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ សីតុណ្ហភាពមានចន្លោះពី២៥ទៅ៣៦អង្សាសេ ហើយថ្ងៃខ្លះអាចមានបរិមាណទឹកភ្លៀងធ្លាក់មកពីមធ្យមទៅច្រើន អមមកជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅពេលចេញទៅក្រៅ ពិសេសអ្នកធ្វើស្រែ-ចម្ការ និងចិញ្ចឹមសត្វ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ…។

ជាក់ស្តែង នៅដើមរដូវវស្សាឆ្នាំ២០២៦នេះ បាតុភូតធម្មជាតិ បានចាប់ផ្តើមសម្លាប់សត្វគោរបស់ប្រជាពលរដ្ឋដោយរន្ទះបាញ់នៅខេត្តរតនគិរី កាលពីថ្ងៃទី២៨ឧសភា ក្នុងភូមិចំនួនពីរដែលរួមមាន៖ ភូមិថ្មី ងាប់សត្វគោអស់ចំនួន៩ក្បាល និងភូមិស្រែឈូក ងាប់សត្វគោអស់ចំនួន១០ក្បាល។ ដើម្បីបង្ការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនេះ និងចៀសវាងពេលមានផ្លេកបន្ទោរ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវរត់ចេញពីកន្លែងមានទឹក ឬវាលស្រែចូលផ្ទះជាប្រញាប់ ហើយត្រូវសម្ងំអង្គុយកន្លែងដែលមានសុវត្ថិភាព។ បិទទ្វារបង្អួចអគារ ឬផ្ទះ មិនត្រូវអង្គុយនៅក្រោមដើមឈើឡើយ។ កុំឈរនៅក្បែរបង្អួច ឬបង្គោលភ្លើង ឬបង្គោលអង់តែន និងនៅឱ្យឆ្ងាយពីឧបករណ៍ដែលធ្វើពីលោហៈ និងឧបករណ៍អគ្គិសនីគ្រប់ប្រភេទ, ហាមជិះកង់-ម៉ូតូ និយាយទូរសព្ទពេលឮសំឡេងផ្គររន្ទះ

គោត្រូវរន្ទះបាញ់ងាប់កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០២៦ នៅខេត្តរតនគិរី 
គោត្រូវរន្ទះបាញ់ងាប់កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០២៦ នៅខេត្តរតនគិរី 

ត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង។ រក្សាគ្រឿងអគ្គិសនី ឬទូរសព្ទ នៅចម្ងាយមួយម៉ែត្រពីប្រភពអគ្គិសនី។ មិនត្រូវប្រើឧបករណ៍អគ្គិសនី និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដូចជា៖ ទូរសព្ទ វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ ក្នុងករណីនៅខាងក្រៅ ត្រូវសម្ងំក្នុងរថយន្តទើបមានសុវត្ថិភាព ប៉ុន្តែមិនត្រូវប៉ះចង្កូតឬទ្វាររថយន្តឡើយ។ កុំពាក់គ្រឿងអលង្ការគ្រប់ប្រភេទ ដែលធ្វើអំពីលោហៈ និងបំពាក់ឧបករណ៍ការពាររន្ទះនៅតាមអគារ ឬផ្ទះ។ ចៀសវាងការធ្វើដំណើរតាមដងផ្លូវនៅពេលភ្លៀងខ្លាំង និងត្រូវឈប់ជ្រកភ្លៀងនៅទីកន្លែងសមស្រប ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត