ដំណឹងរីករាយ! មន្រ្តីកសិកម្មប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នៅអន្លង់កាំពី
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងក្រចេះ៖ ក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ..។

មន្រ្តីក្រសួងកសិកម្ម គូសបញ្ជាក់ថា កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ និងមានសុខភាពល្អ។ វាជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦ ធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប១១៨ក្បាល។ ក្រសួងកសិកម្ម សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារធនធានជលផល។ ក្នុងនោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។ ក្រសួង ក៏បានស្នើបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ បន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិមានជីវិត តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះ អាចធំធាត់ដោយសុវត្ថិភាព។ 

ជាមួយគ្នានេះដែរ មន្រ្តីក្រសួងកសិកម្ម បានអំពាវនាវដល់បងប្អូន បើសិនជាបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកមន្រ្តីជលផល តាមរយៈលេខទូរសព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង០១៧ ៨១៨ ៣៨២។ សូមជម្រាបថា សត្វផ្សោត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេសចរណ៍ និងកំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយ នៅក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត