ដំណឹងរីករាយ! កម្ពុជា ទទួលបានកូនផ្សោតថ្មី១ទៀតហើយ
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា បានបន្តកើនឡើងដល់១១៧ក្បាល បន្ទាប់ពីមានវត្តមានកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣១មីនា។ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ 

ក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញកូនផ្សោតថ្មី ១ក្បាលទើបកើតបានប្រហែល៣ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១ នៅអន្លង់ផ្សោតកាំពី ស្ថិតនៅភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រសួងអះអាងថា៖«នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦»។ ក្រសួងកសិកម្មបានថ្លែងអំណរគុណឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារសត្វផ្សោត។

សត្វផ្សោត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេសចរណ៍ និងកំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយ នៅក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នា ក្រសួងកសិកម្ម ប្តេជ្ញាបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្ស និងមានចំនួនកើនឡើងកាន់តែច្រើនថែមទៀតសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត