
ក្រុងក្រចះ៖ ក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មី១ក្បាល នៅចំណុចអន្លង់អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ…។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ថា កូនផ្សោតនេះមានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង៩:៥០នាទីព្រឹកថ្ងៃទី៥មីនា ឆ្នាំ២០២៦។ កូនផ្សោតនេះ មានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំចំនួន៧ក្បាល ពិសេសគឺនៅជាមួយផ្សោតពេញវ័យលេខសម្គាល់៨១។ បើតាមក្រសួងកសិកម្ម នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបាន កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។

ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំនៅថ្ងៃទី៩មីនាខាងមុខ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ តាមរយៈការរកឃើញកូនផ្សោតទើបកើតថ្មី១ក្បាលខាងលើ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់១១៤ក្បាល។

សូមជម្រាបថា ដើម្បីដឹងច្បាស់ពីទិន្នន័យជាក់លាក់បន្ថែមពីវត្តមានសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា ក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា សហការជាមួយអជ្ញាធរមូលដ្នាន កាលពីថ្ងៃទី២៥កុម្ភៈ បានចុះអង្កេត និងដំឡើងឧបករណ៍ស្ដាប់សំឡេងក្រោមទឹកចំនួន៦គ្រឿង នៅខេត្តក្រចេះ និងស្ទឹងត្រែង។ ឧបករណ៍ស្ដាប់សំឡេងដែលបានដំឡើង នឹងជួយពង្រឹងដល់ការអង្កេតរយៈពេលវែង និងផ្តល់ទិន្នន័យជាក់លាក់បន្ថែមពីវត្តមាន និងចលនារបស់សត្វផ្សោតទន្លេមេគង្គ។ ទិន្នន័យវិទ្យាសាស្រ្តដែលមានភាពត្រឹមត្រូវពីឧបករណ៍នេះ និងការចូលរួមពីសហគមន៍ នឹងជួយពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាវិធានការការពារ ដើម្បីធានាឱ្យសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា អាចរស់រាន និងបន្តពូជបានសម្រាប់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ៕




