កើតចំថ្ងៃទិវានៃក្ដីស្រលាញ់ ផ្សោតថ្មីមួយក្បាលត្រូវអ្នកជំនាញប្រមាញ់ជាប់រូបភាពយ៉ាងទាក់ទាញ
អុន សម្ផស្ស
18 កុម្ភៈ 2026 02:13 AM

ក្រុងក្រចេះ៖ កូនផ្សោតទី១ សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេរាយការណ៍ថា ប្រទះឃើញ និងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៧កុម្ភៈ..។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា កូនផ្សោតថ្មីមួយក្បាលនេះ គឺបានកើតតាំងតែពីថ្ងៃទី១៤កុម្ភៈមកម្ល៉េះ ហើយត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញ និងបានតាមប្រមាញ់ផ្តិតយករូបភាព។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិដ៏មានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទ ស្ថិតក្នុងចំណោម៦ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុតនៅសេសសល់លើពិភពលោក។ ហេតុនេះ វត្តមានរបស់ផ្សោតកើតថ្មីបន្ថែមទៀត ក្នុងខេត្ដស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដនេះ ធ្វើឱ្យប្រជាសហគមន៍ អាចបង្កើនប្រាក់ចំណូលមួយកម្រិតទៀត តាមរយៈវិស័យទេចរណ៍។

សន្ទសន៍ដ្យាក្រាមអំពីតួលេខផ្សោតងាប់ និងកើតថ្មីរយៈពេល៦ឆ្នាំចុងក្រោយ
សន្ទសន៍ដ្យាក្រាមអំពីតួលេខផ្សោតងាប់ និងកើតថ្មីរយៈពេល៦ឆ្នាំចុងក្រោយ

វត្តមានរបស់សត្វផ្សោត ជាកត្តាចង្អុលបង្ហាញអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍។ គួរជ្រាបថា របាយការណ៍ពីក្រសួងកសិកម្ម គិតត្រឹមដើមឆ្នាំ២០២៦ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប បានកើនឡើងដល់១១៣ក្បាលហើយ បន្ទាប់ពីការអភិរក្ស និងការការពារត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ខណៈប្រជានេសាទ ក៏មានការយល់ដឹងច្រើនពីទីតាំងដែលរដ្ឋបានហាមឃាត់មិនឱ្យចូលនេសាទ ដើម្បីការពារមច្ឆជាតិដ៏មានតម្លៃរបស់កម្ពុជាមួយប្រភេទនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត