
រាជាធានីភ្នំពេញ៖ ថ្មីៗនេះ មានគ្រូពេទ្យ២រូប មានម្នាក់ជាអនុប្រធានពេទ្យបង្អែកស្រុក នៃខេត្តកណ្ដាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញពួកគេជាប់ពាក់ព័ន្ធអំពើស៊ីសំណូក ពោលគឺធ្វើសំបុត្រពេទ្យបញ្ជាក់ជំងឺមិនពិត ប្រហែលពី៣០ ទៅ៤០នាក់ ក្នុងមួយខែៗ...។

ទាក់ទិននឹងបញ្ហាខាងលើ តាមរយៈគណនីហ្វេសប៊ុករបស់លោកស្រី មេធាវី លឹម ច័ន្ទលីដា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងយ៉ាងដូច្នេះថា៖«ការចេញសំបុត្រពេទ្យ[មិនពិត] គឺប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ។ ឧទាហរណ៍៖ ដូចជាករណីបើកបរបុកគេបណ្ដាលឱ្យស្លាប់ ស្រាប់តែជនបង្កមានសំបុត្រពេទ្យបញ្ជាក់(មិនពិត) ថាជនបង្កនោះមានបញ្ហាវិបល្លាសស្មារតី(ឆ្កួត)។ តាមច្បាប់ ជនដែលមានវិបល្លាសស្មារតី មិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ ហេតុនេះ អ្នកដែលទទួលរងនូវភាពអយុត្តិធម៌ ដោយសារតែលិខិតបញ្ជាក់មិនពិតនោះ គឺជាជនរងគ្រោះដែលបានស្លាប់នោះ»។ ជាមួយគ្នា លោកស្រីមេធាវី ក៏បានបន្ថែមថា សកម្មភាពបែបនេះ ក្រៅពីនាំឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ វាក៏បង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាព និងសញ្ញាណនៃបទល្មេីសចំនួន៣ ដែលប្រឈមនឹងការផ្តន្ទាទោស រួមមាន៖ ទី១-បទក្លែងដោយអ្នកជំនាញ។ ទី២-បទស៊ីសំណូករបស់អ្នកជំនាញ (បើទទួលអត្ថប្រយោជន៍ជាថ្នូរ)។ និងទី៣-បទសូកប៉ាន់អ្នកជំនាញ (បើផ្តល់អត្ថប្រយោជន៍ជាថ្នូរ)។

ទោះយ៉ាងណា ជុំវិញរូបភាពទាំងនេះ ត្រូវបានមហាជនមើលឃើញថា វាអាចនឹងជះឥទ្ធិពលអាក្រក់ក្នុងវិស័យសុខាភិបាល ព្រមទាំងការបាត់បង់ទំនុកចិត្តលើវិជ្ជាជីវៈគ្រូពេទ្យ ព្រោះថា គ្រូពេទ្យជាអ្នកតំណាងឱ្យភាពស្មោះត្រង់ផ្នែកវេជ្ជសាស្ត្រ។ កាលណាមានការលក់ ឬចេញសំបុត្រពេទ្យខុសពីការពិត វានឹងធ្វើឱ្យតម្លៃនៃវិជ្ជាជីវៈនេះធ្លាក់ចុះ ហើយសាធារណជន នឹងបាត់បង់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលទាំងមូលតែម្ដង។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១០ អាណត្តិទី៤ នៅថ្ងៃទី២៨ឧសភា បានឱ្យដឹងថា ការគប់គិតគ្នាធ្វើសំបុត្រពេទ្យក្លែងក្លាយ ជាថ្នូរនឹងការទទួលលុយសំណូក គឺត្រូវបានធ្វើឡើងទៅលើមនុស្សប្រហែលពី៣០ ទៅ៤០នាក់ នៅក្នុងមួយខែៗ។ បច្ចុប្បន្ន សំណុំរឿងនេះ ត្រូវស្ថិតក្នុងដៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការផ្ដន្ទាទោសជនប្រព្រឹត្តិល្មើស ទៅតាមផ្លូវច្បាប់៕







