ហានិភ័យសកល! អូស្ត្រាលីបង្កើនកញ្ចប់ថវិកាយោធាមហាសាល ផ្តោតលើអាវុធទំនើបៗ និងដ្រូន
ហៀប ស៊ីថេត
16 មេសា 2026 12:00 PM

រដ្ឋធានីកង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសា ឆ្នាំ២០២៦ថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) នៅត្រឹមឆ្នាំ២០៣៣ ខណៈជម្លោះប្រដាប់អាវុធកំពុងផ្ទុះឡើងនៅទូទាំងពិភពលោក។

ការប្ដេជ្ញាចិត្តថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យរដ្ឋធានីកង់បេរ៉ា បង្កើនការចំណាយយោធាឱ្យកាន់តែច្រើនស្របតាមទំហំសេដ្ឋកិច្ចរបស់ខ្លួន។ អូស្ត្រាលីនឹងចំណាយបន្ថែម៣៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ។ មែនទែនទៅ អូស្ត្រាលីបានប្តូរវិធីសាស្ដ្រគណនាថវិកាការពារជាតិឱ្យស្របតាមនិយមន័យរបស់អង្គការណាតូ (NATO) ដែលរួមបញ្ចូលទាំងកត្តាផ្សេងៗដូចជា ប្រាក់សោធននិវត្តន៍យោធាជាដើម។

ដោយមានការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃកងទ័ពជើងទឹកចិន អូស្ត្រាលីបានកែសម្រួលកម្លាំងការពារជាតិរបស់ខ្លួន ដោយផ្តោតលើសមត្ថភាពវាយប្រហារដោយមីស៊ីល និងយុទ្ធសាស្ត្រទប់ស្កាត់សត្រូវពីទិសខាងជើង។ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើនការចំណាយរហូតដល់ជាង៣,៥ពាន់លានដុល្លារលើដ្រូន ដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ គម្រោងសំខាន់ៗរួមមាន៖ នាវាមុជទឹកគ្មានមនុស្សបើកឆ្លាមខ្មោច ឬ Ghost Shark និងយន្តហោះចម្បាំងគ្មានមនុស្សបើកប្រចៀវខ្មោច ឬ Ghost Bat៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត