
រាជធានីបាងកក៖ រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាផ្នែកយោធា ដែលកំពុងបន្តរវាងកម្ពុជា និងថៃ ខណៈភ្លើងជម្លោះកាន់តែរីករាលខ្លាំងឡើងយ៉ាងឆាប់រហ័យ ទន្ទឹមនឹងយោធាឈ្លានពានថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ៗ បំផ្លិចបំផ្លាញកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ និងអនុស្សធម៌ជាទីបំផុតចំពោះជនស៊ីវិលស្លូតត្រង់...។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អូស្ត្រាលីបានសម្ដែងការរំលែកទុក្ខចំពោះអ្នកបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់ ហើយបានអំពាវនាវឱ្យភាគីទាំង២ ធានាការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។ លើសពីនេះ អូស្ត្រាលីបានជំរុញឱ្យកម្ពុជា និងថៃ គោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង និងចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរាជធានីគូឡាឡាំពួរ។

រដ្ឋាភិបាលអូស្ត្រាលី ក៏បានលើកទឹកចិត្តឱ្យភាគីទាំង២ ចូលរួមកិច្ចចរចាដោយស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងដោយសន្តិវិធី។ ជាចុងក្រោយ អូស្ត្រាលីអះអាងថា ខ្លួនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដោយអាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់ការបញ្ចប់ជម្លោះ។ គួរបញ្ជាក់ថា កម្ពុជាតែងតែងក់ក្បាលទទួលយក និងគោរពនូវបទឈប់បាញ់ ប៉ុន្តែភាគីថៃទៅវិញទេ ដែលតែងតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជាយ៉ាងសាហាវ ឃោរឃៅ ព្រៃផ្សៃ និងប្រព្រឹត្តិអំពើអមនុស្សធម៌ជារៀងរាល់ថ្ងៃលើជនស៊ីវិលកម្ពុជា៕




