
រដ្ឋធានីកង់ប៉េរ៉ា៖ បុរសម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីបានបើកការបាញ់ប្រហារដល់ទៅ១០០គ្រាប់ ស្រោចទៅលើផ្លូវដ៏មមាញឹកនៅទីក្រុងស៊ីដនី បណ្ដាលឱ្យមនុស្ស ២០នាក់រងរបួស។ នៅថ្ងៃចន្ទទី៦ ខែតុលា ប៉ូលិសអះអាងថា ការបាញ់ប្រហារនេះមិនពាក់ព័ន្ធទៅនឹងអំពើភេរវកម្ម ឬសកម្មភាពក្រុមក្មេងទំនើងទេ...។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥តុលា នៅតំបន់អ៊ីនណើវេស (Inner West) នៅពេលដែលខ្មាន់កាំភ្លើងបានបាញ់រះទៅលើរថយន្ត និងប៉ូលិស ខណៈមនុស្សម្នារបានរត់ភ័យស្លន់ស្លោ។ ស្នងការប៉ូលិសរដ្ឋញូវសដវ៉ែល New South Wales បានអះអាងថា ខ្មាន់កាំភ្លើងបានបាញ់ចន្លោះពី៥០ទៅ១០០គ្រាប់។ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅទីតាំងកើតហេតុ និងបានបិទផ្លូវ រួចក៏ចាប់ខ្លួនបុរសអាយុ៦០ឆ្នាំម្នាក់ និងរឹបអូសបានកាំភ្លើង២ដើមនៅកន្លែងកើតហេតុ។ ជនជាប់ចោទ ដែលជាខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងព្យាបាលរបួសក្នុងពេលចាប់ខ្លួន។

ប៉ូលិសបានរាយការណ៍ថា បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើង។ ចំណែកឯមនុស្ស១៩នាក់ផ្សេងទៀត ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយរងរបួសដោយសារត្រូវគ្រាប់ ឬអំបែងកញ្ចក់ខ្ទាតត្រូវ។ មែនទែនទៅ ការបាញ់ប្រហារទ្រង់ទ្រាយធំនៅអូស្ត្រាលី គឺកម្រមានណាស់។ ការហាមប្រាមប្រើប្រាស់អាវុធស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ បានកើតឡើងតាំងពីឆ្នាំ១៩៩៦ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន៣៥នាក់នៅរដ្ឋតាសម៉ានៀ (Tasmania)៕


