
រាជធានីភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ បានសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពគ្រូចេញវិញ្ញាសា «ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម័យប្រឡងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦» បន្ទាប់ពីមានសមាសភាពគ្រូតាក់តែងវិញ្ញាសាម្នាក់បង្ហោះព័ត៌មានពាក់ព័ន្ធនឹងការចូលរួមក្នុងអនុគណៈកម្មការតាក់តែងវិញ្ញាសាលើបណ្តាញសង្គម...។

ក្រសួងមុខងារសាធារណៈ ប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយលើកឡើងថា កាលពីយប់ថ្ងៃទី២៨ឧសភា មានគ្រូតាក់តែងវិញ្ញាសាម្នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំវិញ្ញាសា បានបង្ហោះជាស្តូរី (Story) នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបង្ហាញពីអត្តសញ្ញាណក្នុងការចូលរួមជាអនុគណៈកម្មការ តាក់តែងវិញ្ញាសាសម្រាប់ការប្រឡងសរសេរលើកទី១។ ក្រោយពេលកត់សម្គាល់ករណីនេះ គណៈកម្មការរៀបចំការប្រឡង បានចាត់វិធានការភ្លាមៗ ដោយធ្វើការកែសម្រួលសមាសភាពគ្រូចេញវិញ្ញាសា។

ពាក់ព័ន្ធករណីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបង្ហោះសារបញ្ជាក់បន្ថែមថា៖«[..]ការសម្រេចដូច្នេះ គឺដើម្បីធានាភាពអនាមិកនៃបេក្ខភាព ដែលត្រូវមកតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងផង ជាការធានាយុត្តិធម៌សម្រាប់បេក្ខជនប្រឡងទាំងអស់ផង[..]»។ ទន្ទឹមគ្នា ដោយផ្អែកលើបទពិសោធរៀបចំការប្រឡងចំនួន៥៣លើកកន្លងមក គណៈកម្មការរៀបចំការប្រឡងអះអាងថា នឹងបន្តអនុវត្តការងារដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់គ្រប់ដំណាក់កាល ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព ពិតប្រាកដ និងជឿទុកចិត្តបាន៕



