
រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម និងក្រសួងមុខងារសាធារណៈ ទុកពេលឱ្យបេក្ខជនដែលមានឈ្មោះប្រឡងចូលបម្រើការងារធ្វើជាមន្ត្រីកសិកម្មឃុំ ធ្វើការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងកែព័ត៌មានផ្ទាល់ខ្លួនបានតាមរយៈប្រព័ន្ធអនឡាញ ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ត្រឹមវេលាម៉ោង ៥រសៀលជាកំហិត...។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមុខងារសាធារណៈ ស្តីពី វឌ្ឍនភាពនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បេក្ខជនដែលបានចាប់អារម្មណ៍ និងចុះឈ្មោះក្នុងប្រព័ន្ធមានចំនួន១២៧៤៤នាក់។ បេក្ខជនចំនួន៧៤២២នាក់ បានបំពេញ និងដាក់ពាក្យចូលរួមប្រឡងប្រជែង។ ជាលទ្ធផលបឋម បេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន៣៣២៩នាក់។ ចំពោះបេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវគោរពវិន័យ និងបទបញ្ញតិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ក្នុងករណីបេក្ខជនប្រព្រឹត្តខុសពីបទបញ្ញត្តិប្រឡងដូចជាបន្លំឯកសារ បន្លំបេក្ខភាព យកទូរសព្ទចូល។ល។ នឹងធ្លាក់ជាស្វ័យប្រវត្តិ លុបឈ្មោះចេញពីបញ្ជី និងដកចេញពីបេក្ខភាពប្រឡងរហូតព្រមទាំងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមានផ្សេងទៀតផងដែរ។

ទន្ទឹមនឹងនោះ បេក្ខជនអាចចូលរួមពិនិត្យដំណើរការនៃការធ្វើកំណែរហូតដល់ការប្រកាសលទ្ធផល ហើយមានឱកាសប្តឹងតវ៉ាក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីចេញលទ្ធផលផ្អែកលើបែបបទ និងនីតិវិធីនៃការប្រឡងប្រជែង។ ដោយឡែក បេក្ខជនជ័យលាភីដែលបានប្រឡងជាប់ជាស្ថាពរក្លាយជាមន្ត្រីកសិកម្មឃុំ នឹងត្រូវឆ្លងកាត់ការធ្វើកម្មសិក្សាមុនពេលត្រូវបានតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌ ក, ខ និងគ ផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាមីខ្លួន។ មន្ត្រីកសិកម្មឃុំនឹងទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី១លាន៤សែនរៀល ទៅតាមប្រភេទក្របខ័ណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន១សែន៦ម៉ឺនរៀលក្នុងមួយខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិល។ បេក្ខជនដែលបានជាប់ជាស្ថាពរ នឹងត្រូវបានចាត់បញ្ជូនទៅអនុវត្តកម្មសិក្សាការងារតាមគោលដៅនីមួយៗ ដោយមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរទីកន្លែងបំពេញការងារដោយហេតុផលណាមួយឡើយ។ ក្នុងករណីដែលមានការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថាសាមីជននោះបោះបង់ក្របខ័ណ្ឌមន្ត្រីរាជការ។

ក្រសួងបញ្ជាក់បន្ថែមថា ចំពោះវិញ្ញាសាប្រឡងនឹងត្រូវបានរៀបចំជា៣ផ្នែកគឺ៖១/.វិញ្ញាសាសរសេរជំនាញកសិកម្មរយៈពេល២ម៉ោង។ ២/.វិញ្ញាសាពហុចម្លើយ រយៈពេល១ម៉ោង ដែលមានរួមបញ្ចូលគ្នានូវជំនាញកសិកម្ម និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌ គណិតសាស្ដ្រ ព័ត៌មានវិទ្យា ភូមិសាស្ត្រ និង៣/.វិញ្ញាសាសរសេរភាសាអង់គ្លេសរយៈពេល១ម៉ោង។ វិញ្ញាសាប្រឡងទាំងអស់នឹងត្រូវបានរៀបចំតាក់តែងក្នុងថ្ងៃតែមួយ ពោលគឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្តើមប្រឡងពីម៉ោង១២ថ្ងៃត្រង់តទៅ ក្រោមការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សន្លឹកកិច្ចការនីមួយៗមានការចុះលេខសម្ងាត់ មានការកាត់ក្បាលសន្លឹកកិច្ចការហើយមានការពិនិត្យកំណែជាលើកទី២ មុនឈានដល់ការបូកពិន្ទុតាមប្រព័ន្ធអនាមិក៕





