
រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ទុកពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣(ជាប់) បញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើស ឬអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន មុនពេលក្រសួងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ..។

ការជូនដំណឹងទុកពេលមួយសប្តាហ៍របស់ក្រសួងមុខងារសាធារណៈ ធ្វើឡើងដោយភ្ជាប់ក្នុងកំណត់សម្គាល់ ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម័យប្រឡង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ជាលទ្ធផល មានបេក្ខជនចំនួន២៥០នាក់ ស្ត្រីចំនួន៩៤នាក់ ត្រូវបានប្រកាសជាប់ជាមន្ត្រីកសិកម្មឃុំជាស្ថាពរ។ ទន្ទឹមនឹងលទ្ធផលនេះ ក្រសួងក៏បានបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើសមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទតេឡេក្រាម ០១២ ៣៥១ ១១៤។

រីឯ បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈទូរសព្ទ ឬតេឡេក្រាមខាងលើ។ ក្រសួងសង្កត់ធ្ងន់ថា៖«ផុតរយៈពេលកំណត់នោះ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃការរៀបចំ ផ្តល់ក្របខណ្ឌ និងការអនុវត្តកម្មសិក្សា និងការបណ្តុះបណ្តាលស្របតាមលិខិតបទដ្ឋានជាធរមាន»។ គួរដឹងដែរថា មន្ត្រីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ ដែលប្រឡងជាប់នាពេលនេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី៕




