រួសរាន់! ក្រសួងមុខងារ ប្រកាសរើសមន្រ្តីកសិកម្មឃុំជិត៤០០នាក់ ចាប់ទទួលពាក្យពីពេលនេះទៅ
S
Soriya Sou
16 មិថុនា 2025 05:30 PM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រកាសជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…។

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

សេចក្ដីជូនដំណឹងចុះថ្ងៃទី១៦មិថុនានេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកទឹក ឱ្យបេក្ខជនដែលមានចំណាប់អារម្មណ៍ រួសរាន់ដាក់ពាក្យប្រឡងប្រជែង ចាប់ពីថ្ងៃទី១៦មិថុនារហូតដល់ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧ៈ០០នាទីជាកំហិត។ ដើម្បីអាចចូលរួមប្រឡងប្រជែងមន្រ្តីកសិកម្មឃុំបាន បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, មានវិញ្ញាបនបត្រ សញ្ញាបត្រ ឬសមមូលឡើងទៅ ពាក់ព័ន្ធនឹងកសិកម្ម និងមិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ។ ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៥កក្កដា ឆ្នាំ២០២៥ តាមលក្ខខណ្ឌមួយចំនួន ដូចជា៖

រូបភាពពី ក្រសួងមុខងារសាធារណៈ
រូបភាពពី ក្រសួងមុខងារសាធារណៈ

បេក្ខជន ជាមន្ត្រីរាជការ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, បេក្ខជនមានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត៤០ឆ្នាំ, បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ, បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្ររង ឬសមមូល ត្រូវមានអាយុច្រើនបំផុត២៨ឆ្នាំ និងបេក្ខជនមានវិញ្ញាបនបត្រជំនាញ ឬសមមូល ត្រូវមានអាយុច្រើនបំផុត២៥ឆ្នាំ។ ប៉ុន្តែសូមចងចាំថា បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍បម្រើការងារនៅតាមឃុំ/សង្កាត់ ដែលមានតម្រូវការជ្រើសរើស។ នៅពេលប្រឡងជាប់ជាស្ថាពរ មន្រ្តីកសិកម្មឃុំ នឹងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរកន្លែងបំពេញការងារ (ប៉ុស្តិ៍ជ្រើសរើសតាមឃុំ/សង្កាត់) ដោយហេតុផលណាមួយឡើយ ខណៈការផ្លាស់ប្ដូរ អាចធ្វើទៅបានក្នុងករណីមានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងការចាត់ចែងការប្រើប្រាស់មន្ត្រីរាជការផ្អែកលើការចាំបាច់ប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ 
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ 

មួយវិញទៀត ទោះបីជាបេក្ខជនបានប្រឡងជាប់ជាស្ថាពរក៏ដោយ ប៉ុន្តែក្នុងការរកឃើញមានការក្លែងបន្លំវិញ្ញាបនបត្រ សញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននឹងត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ និងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។ ចំពោះបេក្ខសមណៈ (ជាបុព្វជិត ឬព្រះសង្ឃ) តម្រូវឱ្យលាចាកសិក្ខាបទក្រោយពេលប្រឡងជាប់ ចំណែកបេក្ខជនជាមន្រ្តីរាជការ ត្រូវបានរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ និងត្រូវរៀបចំផ្ទេរបៀវត្សទៅកាន់អង្គភាពថ្មី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

រូបភាពពី ក្រសួងមុខងារសាធារណៈ
រូបភាពពី ក្រសួងមុខងារសាធារណៈ

ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានឱ្យដឹងថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនឹងទទួលបានបៀវត្សទាបបំផុតចាប់ពី ១ ៤៩៦ ៩៥០រៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន១៦ម៉ឺនរៀល ក្នុង១ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្រ្តីរាជការស៊ីវិល។ ការប្រឡងប្រជែងមន្រ្តីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម ត្រូវបានលើកទឹកចិត្តសម្រាប់ ជនមានពិការភាពដែលមានគុណសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទី និងការទទួលខុសត្រូវ, ស្ត្រី, ជនជាតិដើមភាគតិច, មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ និងបេក្ខជនដែលមានអាយុច្រើនជាងគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត