ប្រាក់ឧបត្ថម្ភមន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ៥ម៉ឺនរៀលនឹងត្រូវបើករួមជាមួយបៀវត្សខែកញ្ញា
អុន សម្ផស្ស
07 សីហា 2024 05:00 PM

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ ដល់មន្ត្រីរាជការចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗ ខណៈប្រាក់បន្ថែមនេះត្រូវកំណត់ឱ្យបើកបញ្ចូលជាមួយប្រាក់បៀវត្សប្រចាំខែកញ្ញា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤..។

ក្រសួងបញ្ជាក់ថា យោងអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ។ ក្រសួងសង្កត់ធ្ងន់ថា៖«សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន»។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

គួរជម្រាបថា បើគ្មានអ្វីប្រែប្រួលពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះនឹងរៀបចំឡើងនៅថ្ងៃទី១ ទី២ និងថ្ងៃទី៣ ខែតុលា។ ហេតុនេះក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ រួមគ្នាសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត