បុរសអនាមិកបា.ញ់សារធាតុគីមីកណ្តាលរាជធានីតូក្យូ បណ្ដាលឱ្យមនុស្ស២០នាក់រងរបួស
ហៀប ស៊ីថេត
10 ម៉ោងមុន

រាជធានីតូក្យូ៖ មន្ត្រីប៉ូលិស និងមន្ត្រីពន្លត់អគ្គិភ័យនៃប្រទេសជប៉ុន បានអះអាងថា មនុស្សប្រហែល២០នាក់ បានរងរបួសនៅក្នុងបរិវេណផ្សារទំនើបដ៏ប្រណិតមួយកន្លែង កណ្តាលរាជធានីតូក្យូ នៅថ្ងៃចន្ទទី២៥ ខែឧសភានេះ បន្ទាប់ពីមានបុរសម្នាក់បាញ់សារធាតុគីមីម្យ៉ាងនៅខាងក្នុងបរិវេណនោះ...។

លោក យូស៊ូកិ ខូយដេ (Yusuke Koide) អ្នកនាំពាក្យប៉ូលិសរាជធានីតូក្យូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មានបុរសម្នាក់បានបាញ់សារធាតុគីមីម្យ៉ាង នៅជិតម៉ាស៊ីន ATM ជាន់ផ្ទាល់ដីនៃអគារផ្សារទំនើបមួយ ខណៈមន្ត្រីពន្លត់អគ្គិភ័យក្នុងតំបន់ បានបញ្ជាក់ថា៖«មនុស្សប្រហែល២០នាក់បានរងរបួស»។ ភ្លាមៗ..បន្ទាប់ពីកើតហេតុ ផ្លូវនានានៅជុំវិញអគារពាណិជ្ជកម្មក្នុងតំបន់ទិញទំនិញដ៏ល្បីល្បាញជីនហ្សា (Ginza) ត្រូវបានបិទខ្ទប់ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានតម្រង់ជួរគ្នានៅលើដងផ្លូវ។

ជនរងគ្រោះ២នាក់ ត្រូវបានគេលើកដាក់លើគ្រែរុញបញ្ជូនទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ និងមន្ត្រីជំនាញ បាននាំមនុស្សចេញពីក្នុងផ្សារទំនើប ចូលទៅក្នុងរថយន្ត ដែលមានផ្ទុកឧបករណ៍ពិសេស ដើម្បីត្រួតពិនិត្យសុខភាព។ យ៉ាងណា បើតាមរបាយការណ៍បង្ហាញថា អាការរបស់ជនរងគ្រោះទាំងនោះ ហាក់ដូចជាមិនធ្ងន់ធ្ងរឡើយ។ បច្ចុប្បន្ន មន្ត្រីពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុបញ្ជាក់ថា កម្លាំងប៉ូលិសកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត