
រាជធានីបាងកក៖ កងទ័ពជើងទឹកភូមិន្ទថៃ ដោយខ្លាចក្រុមជ្រុលនិយមថៃយល់ច្រឡំថា ច្រកព្រំដែនទាំងនោះត្រូវបានបើកឡើងវិញស្ងាត់ៗ បានចេញមុខមកប្រកាសបន្តបិទច្រកព្រំដែនជាថ្មីម្ដងទៀត ប៉ុន្តែកម្ពុជាធ្វើតែមិនដឹង និងមិនខ្វល់ពីការបិទ ឬបើកព្រំដែននេះឡើយ ក្រៅពីយុទ្ធនាការទូតស្វែងរកដំណោះស្រាយជាអន្តរជាតិ ដណ្តើមយកទឹកដីដែលកំពុងបាត់បង់មកវិញ។ ដើមឡើយ ថៃជាអ្នកទាញរបងទ្វារព្រំដែនបិទដោយឯតោភាគី ដូច្នេះបើចង់បើកឬបិទ ថៃដោះស្រាយខ្លួនឯងទៅ តែយ៉ាងណាពេលនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងពហិការទំនិញចោរឈ្លានពានយ៉ាងក្លៀវក្លាបំផុត...។

ការចេញមកបញ្ជាក់ម្ដងហើយម្ដងទៀតបែបនេះ ត្រូវបានគេមើលឃើញថា ថៃខ្លួនឯងកំពុងស្លន់ស្លោនឹងទំនិញគ្មានទីផ្សារនាំចេញផង ខណៈដែលទំនិញនាំចេញទៅក្រៅប្រទេសហើយលក់មិនដាច់ទៀត។ ប៉ុន្តែដើម្បីលើកមុខមាត់ខ្លួនផង និងបញ្ជាក់ប្រាប់ពលរដ្ឋថៃជ្រុលនិយមផង មេយោធាថៃបានអះអាងថា ការអនុវត្តវិធានការរិតដ្បិតច្រកព្រំដែនដោយយោធាជើងទឹកថៃ ក្រោមហេតុផល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពខុសច្បាប់ផ្សេងៗទៀតនៅក្នុងតំបន់។ កងទ័ពជើងទឹកថៃ កំពុងបន្តរក្សាការបិទខ្ទប់នេះ តាមរយៈការល្បាតយ៉ាងសកម្ម ការឃ្លាំមើល និងការអនុវត្តច្បាប់នៅតាមតំបន់ព្រំដែន។ លោក ប៉ារ៉ាច រតនៈជ័យភណ្ឌ (ปาราช รัตนใจพันธ์) អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានធ្វើការបំភ្លឺជុំវិញព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា «ច្រកព្រំដែនថៃ-កម្ពុជាត្រូវបានបើក»។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពជើងទឹកថៃ កំពុងបន្តអនុវត្តវិធានការបិទច្រករបៀងនៅតាមបណ្តោយព្រំដែនទាំងមូល និងគ្រប់គ្រងតំបន់ព្រំដែនយ៉ាងម៉ឺងម៉ាត់ ស្របតាមគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាល។ ការអនុញ្ញាតឱ្យចូល ឬចេញក្នុងករណីខ្លះ ត្រូវបានកំណត់ចំពោះតែបេសកកម្មដែលទាក់ទងនឹងការអនុវត្តច្បាប់ សន្តិសុខ និងគោលការណ៍មនុស្សធម៌ក្រោមការត្រួតពិនិត្យផ្លូវការតែប៉ុណ្ណោះ ដូចជា ការបញ្ជូនពលរដ្ឋកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញ ឬការទទួលពលរដ្ឋថៃចូលប្រទេសកំណើតខ្លួនវិញដូចគ្នា។ រាល់ករណីទាំងអស់ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។

ទោះយ៉ាងណា ការចេញមុខមកអះអាងក្តែងៗរបស់កងទ័ពជើងទឹកភូមិន្ទថៃ លើការបន្តអនុវត្តវិធានការ«បិទច្រកព្រំដែន ទាំងមូល» ក៏កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅដែរ ព្រោះវាជាទង្វើបំផ្លិចបំផ្លាញសេដ្ឋកិច្ចតំបន់ព្រំដែន និងជាការប្រើប្រាស់វោហាសាស្ត្របំភ័យហួសហេតុ ដើម្បីបិទបាំងភាពបរាជ័យក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នា លោក ជ័យភណ្ឌ ចាត់ទុកសកម្មនេះថា ការលួចឆ្លងដែន និងចលនាពលករគឺជា«ឧក្រិដ្ឋកម្មឆ្លងដែន»។ គួរបញ្ជាក់ថា ថ្ងៃទី២៨ ខែឧសភានេះ គឺជាថ្ងៃដែលប្រជាជនខ្មែរត្រូវចងចាំទុក និងរួបរួមគ្នាវេញត្របាញ់ជាធ្លុងមួយ ដើម្បីតតាំងខ្មាំងសត្រូវ ជាពិសេស គឺការពហិការរាល់ផលិតផលរបស់ចោរឈ្លានពានតជំនាន់នៅភាគខាងលិចមួយនេះ៕



