
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានបញ្ជាក់សាជាថ្មីនូវអធិបតេយ្យភាពជាតិ ដោយបានប្រកាសថា ផែនទីសម័យអាណានិគមបារាំង (ឬខ្នាត ១/២០០០០០) ដែលប្រើប្រាស់សម្រាប់ខណ្ឌចែកព្រំដែនកម្ពុជា-ថៃ គឺលែងមានសុពលភាពទៀតហើយ សម្រាប់រាជធានីបាងកក។ នេះបង្ហាញឱ្យឃើញថា ភាគីថៃកំពុងបំភ្លៃការពិតប្រវត្តិសាស្ត្រ និងរំលោភច្បាប់អន្តរជាតិរឿងព្រំដែនជាមួយកម្ពុជា។

នៅក្នុងការថ្លែងទៅកាន់ពិរពណ៌ Thaifex Anuga Asia 2026 នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានបញ្ជាក់ពីការចរចាទ្វេភាគីជាមួយប្រទេសបារាំង និងអង្គការយូណេស្កូ ជុំវិញខណ្ឌសីមាព្រំដែនដែលមានការទាមទាមត្រួតស៊ីគ្នា។ ពេលវេលានោះ លោក អនុទីន បានបញ្ជាក់ថា ខ្នាតផែនទីសម័យអាណានិគម ដែលកម្ពុជាប្រើប្រាស់ដើម្បីទាមទារព្រំដែនគឺ«លែងមានសុពលភាពទៀតហើយ» សម្រាប់រដ្ឋាភិបាលថៃ។ «ថៃអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមប្រព័ន្ធបច្ចេកទេសដែលបានបង្កើតឡើងផ្ទាល់ខ្លួន និងការសន្និដ្ឋានទ្វេភាគីដែលមានស្រាប់។ ការស្នើសុំពីភាគីខាងក្រៅទាក់ទងនឹងផែនទីប្រវត្តិសាស្ត្របារាំង គឺមិនមានឥទ្ធិពលនោះទេ។ សម្រាប់ប្រទេសថៃ ផែនទីខ្នាត ១/២០០០០0 គឺលែងមានទៀតហើយ។ ប្រសិនបើមាននរណាម្នាក់ចង់បង្ខំឱ្យប្រើខ្នាតនោះ ពួកគេត្រូវមើលទៅលើប្រទេសមួយផ្សេងទៀតទាំងស្រុងហើយ»។ នេះជាសម្តីលោក អនុទីន ថ្លែងប្រាប់ពលរដ្ឋថៃ។(Sic)

ទាក់ទងនឹងការខូចខាតរចនាសម្ព័ន្ធនៃទីតាំងបេតិកភណ្ឌពិភពលោកដ៏ចំណាស់មួយរបស់កម្ពុជា គឺ[ប្រាសាទព្រះវិហារ]។ លោក អនុទីន បានបញ្ជាក់ទាំងបំភ្លៃថា ថៃបានដាក់លិខិតបំភ្លឺគ្រប់ជ្រុងជ្រោយទៅកាន់អង្គការអន្តរជាតិមួយនេះ រួចរាល់ហើយ។ លោកបន្តទៀតថា៖«ដោយសារតែទីតាំងដែលមានបញ្ហា គឺស្ថិតនៅចម្ងាយត្រឹមតែពីរបីគីឡូម៉ែត្រពីគ្នា យើងបានអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិឱ្យធ្វើការពិនិត្យនៅនឹងកន្លែងនៃព្រំដែនទាំងសងខាង»។ លោកបន្តថា៖«យូណេស្កូ គឺជាអង្គការអន្តរជាតិដែលត្រូវតែរក្សាភាពអព្យាក្រិតឱ្យបានម៉ឺងម៉ាត់។ ទោះបីជាការស៊ើបអង្កេត ឬរបាយការណ៍ត្រូវបានស្នើសុំជាផ្លូវការដោយប្រទេសប្រឆាំងក៏ដោយ ក៏អ្នកស៊ើបអង្កេតមានកាតព្វកិច្ចត្រូវស្ដាប់ភាគីទាំងសងខាង។ ប្រទេសថៃ ត្រូវតែទទួលបានសិទ្ធិក្នុងការបំភ្លឺជំហររបស់ខ្លួន មុនពេលរបាយការណ៍ផ្លូវការណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈទៅកាន់ពិភពលោក»។

សូមជម្រាបថា បច្ចុប្បន្ន ប្រទេសថៃកំពុងប្រើប្រាស់ផែនទីខ្នាត ១/៥០០០០ ដែលរាជធានីបាងកក គូសដោយខ្លួនឯង និងដោយឯកតោភាគី។ ហើយការប្រកាសក្តែងៗរបស់លោក អនុទីន ថា ផែនទីសម័យអាណានិគម ដែលគូសវាសបែងចែកទឹកដីនៃប្រទេសទាំងពីរដោយបារាំង និងសៀម លែងមានឥទ្ធិពល និងលែងមានទម្ងន់ច្បាប់អន្តរជាតិ គឺបានបង្ហាញយ៉ាងច្បាស់ពីផែនការទុច្ចរិតរបស់ថៃ ក្នុងការកែប្រែផែនទីព្រំដែនស្រេចតែនឹងចិត្ត ដើម្បីបំពេញមហិច្ឆតាវាទីនិយមរបស់ខ្លួន ក៏ដូចជាមើលងាយដល់ភាគីបារាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក អនុទីន មិនអាចបំភ្លៃការពិត ឬប្រើប្រាស់ផែនទីខ្នាត ១/៥០០០០ ដែលថៃគូសដោយឯកតោភាគី គ្មានអ្នកច្បាប់អន្តរជាតិណាទទួលស្គាល់នោះឡើយ ខណៈសាលដីកាប្រវត្តិសាស្ត្ររបស់តុលាការឡាអេ នៅតែជាជន្ទល់ដ៏រឹងមាំសម្រាប់កម្ពុជា ដែលថៃមិនអាចរំលោភបំពាន និងលុបចោលតាមអំពើចិត្តបានឡើយ៕



