
រដ្ឋធានីប៉េកាំង៖ ការិយាល័យស្ថិតិជាតិចិន បានបញ្ចេញទិន្នន័យស្ទង់មតិទូទាំងប្រទេសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបង្ហាញថា ប្រទេសចិនមានចំនួនប្រជាជនវ័យចំណាស់ (ចាប់ពី៦៥ឆ្នាំឡើងទៅ) ច្រើនជាងចំនួនកុមារ (វ័យ០ដល់១៤ឆ្នាំ) ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីមានការកត់ត្រាក្នុងឆ្នាំ១៩៤៩...។

គិតត្រឹមចុងឆ្នាំ២០២៥ មនុស្សចាស់មានអត្រា១៥,៨៧ភាគរយ ខណៈកុមារមានត្រឹមតែ ១៥,២៥ភាគរយ នៃប្រជាជនសរុប១,៤ពាន់លាននាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការមិនព្រមរៀបការ និងការមិនយកកូនរបស់យុវជនជំនាន់ថ្មី រហូតធ្វើឱ្យអត្រាកើត[ធ្លាក់ចុះ] មកកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ និងធ្វើឱ្យប្រជាជនចិនថយចុះ៤ឆ្នាំជាប់ៗគ្នា។ វិបត្តិនេះ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធប្រាក់ខែនិវត្តន៍ និងការថែទាំសង្គម ព្រោះកម្លាំងពលកម្ម (វ័យ១៥ ដល់៥៩ឆ្នាំ) បានធ្លាក់ចុះមកត្រឹម៦១,៨៩ភាគរយ។ ក្រុមអ្នកសេដ្ឋកិច្ចព្យាករថា ចិនអាចនឹងបាត់បង់ប្រជាជនជិត៦០លាននាក់ ដែលស្មើនឹងចំនួនប្រជាជនបារាំងទាំងមូល ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន បានបង្វែរយុទ្ធសាស្ត្រទៅជាការបង្កើនគុណភាពចំណេះដឹងពលរដ្ឋជំនួសឱ្យបរិមាណ ដោយសារកម្លាំងពលកម្មថ្មីៗមានកម្រិតសិក្សាខ្ពស់ជាងមុនឆ្ងាយ ដែលអាចជួយប៉ះប៉ូវដល់ការបាត់បង់ចំនួនកម្លាំងពលកម្មបាន។ ទន្ទឹមគ្នា រដ្ឋធានីប៉េកាំង បានត្រៀមថវិកាប្រហែល២៥,៨ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦នេះ ដើម្បីជួយឧបត្ថម្ភដល់ការបង្កើតកូន កាត់បន្ថយការចំណាយលើការសិក្សាអប់រំរបស់គ្រួសារនីមួយៗ និងការធានារ៉ាប់រងវេជ្ជសាស្ត្រសម្រាប់ការសម្រាលកូន ដើម្បីជំរុញឱ្យពលរដ្ឋយកកូនឡើងវិញ៕



