ប្រមុខការទូតចិន វាយប្រហារនយោបាយការបរទេសរបស់ ត្រាំ ចំៗនៅអង្គការសហប្រជាជាតិ រឿងបង្កសង្គ្រាម និងមិនព្រមបង់លុយជំពាក់
N
Nary Vann
13 ម៉ោងមុន

UN៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រើប្រាស់វេទិកានៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី២៦ ខែឧសភាម្សិលមិញ ធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើនយោបាយការបរទេសរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដោយបានសង្កត់ធ្ងន់ថា៖«រាល់សកម្មភាពយោធាឯកតោភាគីណាក៏ដោយ ដែលរំលងអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ គឺមិនអាចទទួលយកបានឡើយ» ដែលនេះ ជាការសំដៅទៅលើការដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់...។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានទៅជួបមេដឹកនាំចិន លោក ស៊ី ជីនភីង នៅរដ្ឋធានីប៉េកាំង ប៉ុន្តែមិនទទួលបានជំនួយការទូតណាមួយពីចិនឡើយ ក្រៅតែពីការព្រមានយ៉ាងម៉ឺងម៉ាត់ពីរឿងកោះតៃវ៉ាន់។ ទន្ទឹមនេះ លោក វ៉ាង យី ក៏បានរិះគន់ចំៗទៅលើកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបង្កកថវិកាឧបត្ថម្ភ និងការសម្រេចដកខ្លួនចេញពីទីភ្នាក់ងាររបស់ UN ចំនួន៣១ និងអង្គការអន្តរជាតិចំនួន៣៥ផ្សេងទៀត កាលពីដើមឆ្នាំ២០២៦។ អ្វីដែលធ្វើឱ្យចិនមិនពេញចិត្តបំផុតនោះគឺ លោក ត្រាំ បានព្យាយាមបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ផ្ទាល់ខ្លួន ហើយថែមទាំងបាននិយាយឌឺដងថា ក្រុមប្រឹក្សាថ្មីនេះអាចនឹងមកជំនួសតំណែងអង្គការសហប្រជាជាតិ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ទៀតផង។ លោក វ៉ាង យី បានតបតវិញថា UN គឺជាមជ្ឈមណ្ឌលនៃប្រព័ន្ធអន្តរជាតិក្រោយសង្គ្រាមលោក ដូច្នេះ តួនាទីរបស់វាត្រូវតែពង្រឹង មិនមែនធ្វើឱ្យចុះខ្សោយ ហើយឋានៈរបស់UNត្រូវតែលើកតម្កើង មិនមែនជំនួសដោយបក្ខពួកផ្សេងឡើយ ព្រមទាំងបានដាស់តឿនឱ្យប្រទេសជាសមាជិក (សំដៅលើសហរដ្ឋអាម៉េរិក) បំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ដោយសកម្មភាពពិតប្រាកដ។

បច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានជំពាក់ប្រាក់វិភាគទានសរុបប្រហែល២ពាន់លានដុល្លារអាម៉េរិកដល់ UN ដោយសារតែរដ្ឋបាលលោក ត្រាំ មិនពេញចិត្តនឹងការដែលអង្គការពិភពលោកមួយនេះ ផ្ដោតអារម្មណ៍ខ្លាំងពេកលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ ហើយការមិនព្រមបង់ប្រាក់នេះ បានរុញច្រានឱ្យ UN ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ក្រុមអ្នកវិភាគមើលឃើញថា ការរិះគន់របស់ចិននៅពេលនេះ គឺធ្វើឡើងស្របពេលដែលរដ្ឋធានីប៉េកាំង កំពុងព្យាយាមបង្ហាញខ្លួនទៅកាន់ពិភពលោកថា ចិនគឺជា «កម្លាំងស្ថិរភាព» ក្នុងខណៈដែលគោលនយោបាយរបស់មេដឹកនាំសហរដ្ឋអាម៉េរិក កំពុងបង្កភាពចលាចលដល់ពាណិជ្ជកម្ម និងការទូតសកលលោក ដោយចិនបានអំពាវនាវឱ្យមានការកែទម្រង់ការគ្រប់គ្រងសកលលោកឱ្យមានភាពយុត្តិធម៌ និងស្មើភាពគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត