ផ្ទុះស្រុតធុងគីមីជិត១លានហ្គាឡុងនៅរោងចក្រក្រដាសអាម៉េរិក ស.ម្លា.ប់មនុស្សម្នាក់ និងបាត់ខ្លួន៩នាក់
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ធុងគីមីខ្នាតយក្សមួយ ផ្ទុកដោយសារធាតុគីមីរាវ ជិត ១លានហ្គាឡុង បានផ្ទុះស្រុត និងបាក់រលំនៅឯរោងចក្រផលិតក្រដាសដ៏ធំមួយឈ្មោះ នីពប៉ុន ឌីណាវ៉េវ ផេកកាហ្គីង កូ. (Nippon Dynawave Packaging Co.) ស្ថិតក្នុងក្រុងឡុងវីញូ (Longview) រដ្ឋវ៉ាស៊ីនតោន (Washington state) សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៧ ខែឧសភានេះ...។

ឧប្បត្តិហេតុដ៏រន្ធត់នេះ បានបណ្ដាលឱ្យកម្មករម្នាក់បាត់បង់ជីវិតភ្លាមៗ និងមនុស្ស៩នាក់កំពុងបាត់ខ្លួន រួមទាំងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់រងរបួសធ្ងន់ និងស្រាល ដោយសារការរលាកគីមី និងឈ្លក់ផ្សែងពុល។ សារធាតុគីមីដែលលេចធ្លាយនោះ ត្រូវបានគេស្គាល់ថាជា «White liquor» (វ៉ាយ លីគើ) ផ្សំឡើងពីសូដ្យូមអ៊ីដ្រុកស៊ីត និងសូដ្យូមស៊ុលហ្វីត ដែលគេប្រើប្រាស់សម្រាប់រំលាយឈើ ធ្វើជាក្រដាសកាតុង។

ក្រោយការផ្ទុះ សារធាតុគីមីនេះ បានហូរចូលទៅក្នុងប្រឡាយបង្ហូរទឹក ធ្វើឱ្យក្រសួងបរិស្ថានរដ្ឋត្រូវបញ្ជូនក្រុមការងារទៅវាយតម្លៃផលប៉ះពាល់ជាបន្ទាន់។ បច្ចុប្បន្ន ក្រុមសង្គ្រោះបន្ទាន់ជិត៤០នាក់ រួមទាំងក្រុមជំនាញដោះស្រាយសារធាតុពុល កំពុងព្យាយាមពង្រឹងរចនាសម្ព័ន្ធធុងគីមីដែលនៅសេសសល់ឱ្យមានលំនឹងសិន មុននឹងអាចចូលទៅកាយរកជនរងគ្រោះ ព្រោះស្ថានភាពនៅទីនោះ មានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារធុងនៅមិនទាន់មានលំនឹង និងមានជាតិគីមីដក់សល់។

គួររំលឹកថា រោងចក្រនេះដំណើរការតាំងពីឆ្នាំ១៩៥៣ មានបុគ្គលិកប្រហែល ១០០០នាក់ ហើយធ្លាប់ត្រូវបានអាជ្ញាធរពិន័យចំនួន៣ដងរួចមកហើយ តាំងពីឆ្នាំ២០២១ ជុំវិញការបំពានច្បាប់សុវត្ថិភាពការងារ និងសុខាភិបាល រួមទាំងមានបណ្ដឹងរាយការណ៍អំពីបញ្ហាសុវត្ថិភាពចំនួន២ករណីទៀត កាលពីខែមីនា និងខែឧសភាកន្លងទៅ ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយដែរ។ បច្ចុប្បន្ន មូលហេតុពិតប្រាកដនៃការផ្ទុះស្រុតធុងគីមីនេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈក្រុមគ្រួសារកម្មករបានមកជួបជុំគ្នារង់ចាំព័ត៌មានទាំងទឹកភ្នែក។

ដោយឡែក នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង អាជ្ញាធរបានទប់ស្កាត់ការផ្ទុះធុងគីមីឧស្សាហកម្មដ៏គ្រោះថ្នាក់មួយកន្លែងបានជោគជ័យផងដែរ បន្ទាប់ពីធុងគីមីនោះប្រេះធ្លាយបន្តិច ជួយកាត់បន្ថយសម្ពាធកម្ដៅនៅខាងក្នុង និងធ្វើឱ្យសីតុណ្ហភាពរក្សាភាពនឹងនរឡើងវិញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួន អាចត្រឡប់ទៅផ្ទះសម្បែងវិញ បានជាបណ្ដើរៗហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត