គុយបាដង្ហោយសុំជំនួយបន្ទាន់ពី UN ក្រោយរងការបិទខ្ទប់ថាមពលពីលោក ដូណាល់ ត្រាំ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីឡាហាវ៉ាន៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស ប៉ារីឡា (Bruno Rodriguez Parrilla) បានឡើងថ្លែងការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចល័តកម្លាំងជួយទប់ស្កាត់ជាបន្ទាន់នូវ «សោកនាដកម្មមនុស្សធម៌» ដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់លោក ដើមចមដោយសារតែការបិទខ្ទប់ផ្លូវថាមពល និងប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាម៉េរិក...។

លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស ប៉ារីឡា
លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស ប៉ារីឡា

លោក រ៉ូឌ្រីហ្គេស បានសង្កត់ធ្ងន់ថា៖«ពេលនេះ គឺជាពេលវេលាដែលពិភពលោកត្រូវបង្ហាញសាមគ្គីភាពជាមួយគុយបាហើយ និងសូមទុកឱ្យគុយបានរស់នៅក្នុងសន្តិភាពផង!»។ ស្ថានភាពនៅក្នុងប្រទេសកុម្មុយនីស្ដមួយនេះ បានធ្លាក់ដុនដាបយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ សម្រេចកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងពីរដ្ឋវេណេហ្ស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តធំរបស់គុយបា ក្រោយពេលសហរដ្ឋអាម៉េរិក បើកការវាយប្រហារបណ្តេញលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីអំណាចកាលពីខែមករាកន្លងទៅ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានបង្ហើបជាសាធារណៈថា គុយបាអាចជារបបបន្ទាប់ ដែលសហរដ្ឋអាម៉េរិកត្រូវប្រើវិធានការយោធា ដើម្បីផ្លាស់ប្ដូររបបដឹកនាំ។ ភាពតានតឹងកាន់តែពុះកញ្ជ្រោលខ្លាំង កាលពីសប្តាហ៍មុន នៅពេលរដ្ឋបាលលោក ត្រាំ បានចេញដីកាចោទប្រកាន់ជាផ្លូវការលើលោក រ៉ាអ៊ុល ហ្កាស្ត្រូ (Raul Castro) ជុំវិញករណីបាញ់ទម្លាក់យន្តហោះស៊ីវិលសហរដ្ឋអាម៉េរិក ខ្នាតតូចពីរគ្រឿងកាលពីឆ្នាំ១៩៩៦ ដែលគុយបាចាត់ទុកថា ជាលេសនយោបាយ​ ដើម្បីត្រៀមចូលឈ្លានពាន និងផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

ប្រជាជនគុយបា បានរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ច ការកាត់ផ្ដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ក៏ដូចជាកង្វះខាតស្បៀងអាហារ និងថ្នាំសង្កូវជាច្រើនឆ្នាំមកហើយ ដែលភាគច្រើនបណ្ដាលមកពីទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ១៩៥៩។ ភ្លាមៗបន្ទាប់ពីការចោទប្រកាន់ត្រកូល កាស្ត្រូ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានចេញមុខព្រមានគុយបាចំៗថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការកម្ទេចប្រព័ន្ធកុម្មុយនីស្ដនៅគុយបា ខណៈភាគីគុយបាបានទាត់ចោលការចោទប្រកាន់ទាំងហ្លាយ ដោយអះអាងថា ខ្លួនមិនដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់មហាអំណាចសហរដ្ឋអាម៉េរិក ដូចការមួលបង្កាច់នោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត