
រាជធានីបាងកក៖ ការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) បានចេញសេចក្តីព្រមានថា ទំនប់វារីអគ្គិសនី និងអាងស្តុកទឹកខ្នាតធំចំនួន៤ នៅក្នុងប្រទេស មានបរិមាណទឹកហក់ឡើងខ្ពស់ហួសពីបន្ទាត់កំណត់សុវត្ថិភាពហើយ...។

ទំនប់ទឹកធំៗទាំង៤ រួមមាន៖ ទំនប់គីវឡំ (Kio Lom), ទំនប់ម៉ែឆាង (Mae Chang), ទំនប់ណាំពុង (Nam Pung), និងទំនប់ឡាំប៉ាវ (Lam Pao)។ ការប្រកាសអាសន្ននេះ ធ្វើឡើងស្របពេលការព្យាករអាកាសធាតុបង្ហាញថា នឹងមានភ្លៀងធ្លាក់ខ្លាំងទៅៗ នៅតាមតំបន់ជាច្រើនក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភានេះតទៅ ដោយសារឥទ្ធិពលខ្យល់មូសុង។ ក្រៅពីទំនប់ទឹកធំៗទាំង៤នេះ ក៏មានអាងស្តុកទឹកខ្នាតមធ្យមចំនួន២៧ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ផងដែរ ដោយសារមានផ្ទុកបរិមាណទឹកលើសពី៨០ភាគរយ នៃសមត្ថភាពស្តុកទឹកសរុប។

យោងតាមរបាយការណ៍អាកាសធាតុ បរិមាណភ្លៀងនឹងកើនឡើងខ្លាំងនៅទូទាំងប្រទេសថៃ។ នេះក៏ដោយសារតែបណ្ដាលមកពីសម្ពាធទាបនៃរបបខ្យល់មូសុងដែលបោកបក់កាត់តាមតំបន់កណ្តាល តំបន់ភាគឦសាន និងតំបន់ភាគខាងកើត រួមផ្សំជាមួយនឹងខ្យល់មូសុងនិរតី ដែលកំពុងបោកបក់ខ្លាំងលើប្រទេសថៃ សមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទថៃ៕



