
រាជធានីបាងកក៖ នៅក្នុងកិច្ចពិភាក្សាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ឬ UNSC) រដ្ឋមន្រ្តីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) បានថ្លែងថា ប្រទេសថៃ មិនដែលស្វែងរកការទាមទារអធិបតេយ្យភាពលើទឹកដីនៃប្រទេសណាមួយឡើយ។ យ៉ាងណា អ្នកជំនាញយល់ថា ការប្រកាសក្តែងៗនេះ គឺជាការបំភ្លៃការពិតទាំងស្រុង ព្រោះកន្លងមក យោធាថៃឈ្លានពាន បានបើកការវាយប្រហារយ៉ាងកំរោល សាហាវ ឃោរឃៅ និងយង់ឃ្នងបំផុតមកលើដែនអធិបតេយ្យភាពកម្ពុជា។

លោក សីហសក្តិ បាននិយាយសង្កត់ទម្លាក់កំហុសលើកម្ពុជាថា៖«ដើម្បីឱ្យទំនាក់ទំនងទ្វេភាគី និងវឌ្ឍនភាពលើបញ្ហានានា ដូចជា ការខណ្ឌសីមាព្រំដែនអាចឈានទៅមុខបាន កម្ពុជាត្រូវតែបញ្ឈប់ការចោទប្រកាន់លើប្រទេសថៃ ហើយចូលរួមក្នុងកិច្ចសន្ទនាក្នុងស្មារតីស្ថាបនា។ [..]សន្តិភាពយូរអង្វែង ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ និងបញ្ឈប់វោហាសាស្ត្រ ដែលមិនអាចស្ថាបនានៅលើវេទិកាអន្តរជាតិ»។ មិនត្រឹមតែប៉ុណ្ណោះ លោក សីហសក្តិ ឆ្លៀតចោទកម្ពុជា នៅមុខអ្នកយកព័ត៌មានទៀតថា៖ ដើមឡើយ[..]លោកមិនមានបំណងលើកឡើងពីបញ្ហាថៃ-កម្ពុជានោះទេ ព្រោះ UNSC មិនមែនជាវេទិកាដ៏សមស្របសម្រាប់កិច្ចពិភាក្សាទ្វេភាគីឡើយ ប៉ុន្តែដោយសារ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងអំពីជម្លោះ ការរៀបចំបទឈប់បាញ់ និងបញ្ហាទឹកដីអំឡុងពេលពិភាក្សា ទើបប្រទេសថៃត្រូវតែបញ្ជាក់ជំហររបស់ខ្លួន។

នៅពេលត្រូវបានសួរថា តើទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អប្រសើរឡើងវិញឬទេ..? លោក សីហសក្តិ បានឆ្លើយថា កម្ពុជាយល់ច្បាស់ពីជំហររបស់ថៃ ព្រោះរាជធានីបាងកក បានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា ប្រសិនបើចង់ឱ្យមានវឌ្ឍនភាពលើបញ្ហាព្រំដែន ឬបញ្ហាសមុទ្ទ ក្រោមក្របខណ្ឌ MoU ឬអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ UNCLOS កម្ពុជាត្រូវតែបញ្ឈប់ការចោទប្រកាន់លើប្រទេសថៃ ជាមុនសិន។ ការបំបិទសិទ្ធិកម្ពុជាមិនឱ្យនិយាយការពិតប្រាប់ពិភពលោក ទាំងបំពានរបស់លោក សីហស័ក្តិ ភួងកេតកែវ នៅចំពោះមុខ UNSC បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពភ័យខ្លាចរបស់មេដឹកនាំថៃ ជុំវិញការបកអាក្រាតដ៏មានប្រសិទ្ធភាពរបស់ប្រមុខការទូតកម្ពុជា ដែលបានរូតវាំងននការទូតបែបភូតភរកុហករបស់ប្រទេសថៃ លើឆាកអន្តរជាតិ។ ការប្រកាសក្តែងៗរបស់ភាគីថៃ ដែលថា ខ្លួនមិនចង់បានទឹកដីគេ គ្រាន់តែជាល្បិចកលវោហាសាស្ត្រដ៏ស្មោគគ្រោក ដើម្បីបិទបាំងការឈ្លានពាន និងការប្រើប្រាស់កម្លាំងយោធា វាយប្រហារវាទីយកទឹកដីកម្ពុជាតែប៉ុណ្ណោះ៕



