
រាជធានីបាងកក៖ កងទ័ពរំដោះប្រជាជនចិន និងកងទ័ពភូមិន្ទថៃ បានផ្លាស់ប្ដូរអាវុធគ្នាហ្វឹកហាត់បាញ់ប្រហារ ក្នុងសមយុទ្ធយោធា «Strike 2026» ដែលធ្វើឡើងនៅក្នុងប្រទេសថៃ...។

យោងតាមការចុះផ្សាយដោយកាសែតយោធាចិន នៅថ្ងៃទី២៥ឧសភានេះ រូបភាពជាច្រើនសន្លឹក បានបង្ហាញពីទាហាននៃកងទ័ពចិន និងកងទ័ពភូមិន្ទថៃ ផ្លាស់ប្ដូរអាវុធគ្នាទៅវិញទៅមក ដោយយោធាចិន បានផ្លាស់ប្ដូរកាំភ្លើងទំនើប QBZ-191 ទៅឱ្យកងទ័ពថៃ ខណៈកងទ័ពថៃ ផ្លាស់ប្ដូរកាំភ្លើង Colt M5 Carbine ទៅឱ្យយោធាចិនប្រើវិញ ដើម្បីហ្វឹកហាត់បាញ់ប្រហារ ក្នុងពេលបណ្ដុះបណ្ដាល។ សមយុទ្ធ «Strike 2026» ផ្តោតលើប្រធានបទ«ប្រតិបត្តិការរួមគ្នា ប្រឆាំងភេរវកម្មក្នុងតំបន់ភ្នំ និងព្រៃក្រាស់» ដោយក្នុងនោះ យោធាចិន និងកងទ័ពថៃ បានបង្កើតជាក្រុមចម្រុះ ដើម្បីហ្វឹកហ្វឺនរួមគ្នា លើវិញ្ញាសាសំខាន់ៗមួយចំនួនដូចជា៖ ការសង្គ្រោះបឋមដល់ជនរងគ្រោះក្នុងសមរភូមិ, នីតិវិធីប្រតិបត្តិការឧបករណ៍គ្មានមនុស្សបើក ដូចជាដ្រូន, ការអនុវត្តបាញ់គ្រាប់ពិត, និងការរៀនរស់ក្នុងព្រៃជ្រៅ។

គួរបញ្ជាក់ថា នេះជាការធ្វើសមយុទ្ធរួមគ្នាជាលើកទី៨ហើយរវាងប្រទេសទាំង២។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយក្នុងតំបន់ មើលឃើញថា ការពង្រឹងសម្ព័ន្ធភាពយោធាកាន់តែស្អិតល្មួតរវាងចិន និងថៃ តាមរយៈសមយុទ្ធនេះ អាចជាការគំរាមកំហែងដោយប្រយោលដល់កម្ពុជា ខណៈស្ថានការព្រំដែនរវាងកម្ពុជា-ថៃ នៅតែមិនទាន់រកឃើញត្រើយនៃពន្លឺសន្តិភាពនៅឡើយ៕



