
រាជធានីភ្នំពេញ៖ ក្រៅតែពីតទល់គ្នាក្នុង«កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានបន្តជួបគ្នាជាទ្វេភាគីដាច់ដោយឡែក ដើម្បីផ្លាស់ប្ដូរទស្សនៈដោយត្រង់ និងបើកចំហ អំពីស្ថានភាពព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ជំនួបផ្ទាល់មុខរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី សីហសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ធ្វើឡើងដើម្បីពិភាក្សាលើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញ នៃទំនាក់ទំនងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់ភាគីថៃ ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង។ ក្នុងស្មារតីនេះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងគ្នាជិតស្និទ្ធ និងទៀងទាត់។

ជាមួយគ្នា ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ឡើងវិញ នូវជំហររបស់កម្ពុជាទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ (UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈនូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានផ្លាស់ប្ដូរទស្សនៈដោយត្រង់ និងបើកចំហអំពីស្ថានភាពព្រំដែនរវាងប្រទេសនិងប្រទេស។

តាមក្រសួងការបរទេស កិច្ចប្រជុំនេះ គឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។

គួរជ្រាបថា មុនជំនួបទ្វេភាគីកម្ពុជា-ថៃនេះ ចាប់ផ្តើម ក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឡើងថ្លែងសារបង្ហាញការព្រួយបារម្ភ ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលថៃឈ្លានពាន កំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ទោះបីជាបទឈប់បាញ់ ត្រូវបានបន្តរក្សាក៏ដោយ។ លោកសង្កត់ធ្ងន់ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេស សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង៕










