
រាជធានីបាងកក៖ នៅលើទឹកដីប្រទេសបារាំង នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានលើកយកការបើកច្រកព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដដែលៗថា នឹងមិនមានការបើកឡើងវិញនោះទេ ខណៈភាគីកម្ពុជាមិនដែលរំឭករឿងបើកច្រកនេះវិញម្ដងណាសោះឡើយ...។

យោងតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី២៤ឧសភា លោក អនុទីន បានភ្ជាប់ការសម្រេចចិត្តនេះ ទៅនឹងការការពារអធិបតេយ្យភាព និងទឹកដីថៃ ដោយអះអាងថា គ្មានដីមួយចំអាមណាត្រូវបានបាត់បង់ឡើយ។ លោកបានអះអាងទាំងបំពានទៀតថា ព្រំដែននឹងបើកឡើងវិញ លុះត្រាតែកម្ពុជាយល់ព្រម និងទទួលយកលក្ខខណ្ឌរបស់ថៃជាមុនសិន ហើយប្រទេសថៃមិនខាតបង់ប្រយោជន៍ ឬចាញ់ប្រៀបកម្ពុជានោះទេ។ នាយករដ្ឋមន្រ្តីថៃរូបនេះ បានរលាស់អណ្តាតដោយមិនចេះខ្មាសអៀនអន្តរជាតិ ដែលបានដឹងរឿងពិតអំពីការឈ្លានពានអធិបតេយ្យកម្ពុជា ដូចជាបារាំងនេះថា ច្រកព្រំដែនកម្ពុជា-ថៃ នឹងនៅតែបន្តបិទដដែល ខណៈសមាគមជនជាតិថៃរស់នៅប្រទេសបារាំង បានសម្ដែងការសាទរ ចំពោះគោលនយោបាយឈ្លានពានរបស់រាជរដ្ឋាភិបាលខ្លួនផងដែរ។

លោក អនុទីន លើកឡើងបន្តថា ទឹកដីថៃនឹងមិនត្រូវបាត់បង់ទៅឱ្យនរណាម្នាក់ឡើយ សូម្បីតែបន្តិចបន្តួចក៏ដោយ ហើយរឿងនេះ នឹងមិនកើតឡើងជាដាច់ខាត។«ខ្ញុំសុំឱ្យអ្នករាល់គ្នាមានទំនុកចិត្ត។ សូមបន្តធ្វើអ្វីដែលអ្នកត្រូវធ្វើទៅ ចូរកុំបារម្ភឱ្យសោះ។ តើយើងនឹងព្រមលះបង់អ្វីមួយឱ្យពួកគេ(កម្ពុជា)ដែរឬទេ..? គឺទេ..! ដរាបណាពួកគេព្រមចុះចូលជាមួយយើងមុន ហើយពួកគេត្រូវតែទទួលយកលក្ខខណ្ឌរបស់យើង គឺលក្ខខណ្ឌរបស់ប្រទេសថៃ តែប៉ុណ្ណោះ។ ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាជឿជាក់ និងមានទំនុកចិត្ត» នេះគឺជាសម្តី លោក អនុទីន ថ្លែងនៅប្រទេសបារាំង។ មេដឹកនាំថៃរូបនេះ បាននិយាយដោយមិនអៀនមាត់ និងខ្មាសអន្តរជាតិទៀតថា ប្រទេសថៃ មិនបានឈ្លានពាន ឬគំរាមកំហែងនរណាម្នាក់ឡើយ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មកជាន់ឈ្លី ឬគំរាមកំហែងប្រទេសជាតិខ្លួនជាដាច់ខាត។(Sic)

សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់លោក អនុទីន ឆានវីរគុល នៅលើទឹកដីបារាំង គឺជារឿងដ៏គួរឱ្យអស់សំណើចបំផុត ព្រោះវាគ្រាន់តែជាល្បិចបោកប្រាស់ភ្នែកអន្តរជាតិ និងជាវោហាសាស្ត្រភូតភរ ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យកម្ពុជាតែប៉ុណ្ណោះ តែយ៉ាងណា អនុទីន មិនអាចកុហកមេដឹកនាំបារាំងបានឡើយ។ សូមបញ្ជាក់ផងដែរថា ថៃគឺជាអ្នកបើកការឈ្លានពាន រំលោភបំពានកាន់កាប់ដោយខុសច្បាប់លើបូរណភាពទឹកដីកម្ពុជា និងជាអ្នកទាញទ្វាររបងព្រំដែនជាមួយកម្ពុជា បិទជាឯកតោភាគី។ ការលាបពណ៌ ការទម្លាក់កំហុស និងបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌដ៏អយុត្តិធម៌របស់ថៃ បានឆ្លុះបញ្ចាំងឱ្យឃើញពីមហិច្ឆតាវាទីនិយម និងបំភ្លៃការពិតទៅកាន់ពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិ៕





