
រាជធានីភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងការបរទេស បានអញ្ជើញតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន៤៤ ចូលស្តាប់បទបង្ហាញពីស្ថានភាពតំបន់វប្បធម៌កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការធ្វើបទបង្ហាញនេះ ដឹកនាំដោយលោកស្រី ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណដល់តំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ដែលជួយគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកស្រីបានបញ្ជាក់ជាថ្មី នូវមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រួមមាន៖ បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ ជាមួយគ្នា លោកស្រីរដ្ឋមន្ត្រី បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធំធេងលើប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ រួមទាំងបូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។

សកម្មភាពខុសច្បាប់ទាំងនោះ រួមមាន៖ ការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយគ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការ សាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម។ ទង្វើររបស់ថៃ គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា៖«កម្ពុជាបានដាក់កំណត់ទូតតវ៉ា ជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាពលើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះបេតិកភណ្ឌវប្បធម៌ខ្មែរ»។

លោកស្រី បញ្ជាក់ប្រាប់អង្គទូតជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាម ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ សន្តិភាពរវាងកម្ពុជានិងថៃ មានសារសំខាន់ សម្រាប់ភាពសុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕



