ថៃព្រួយបារម្ភខ្លាចចាញ់ប្រៀបកម្ពុជា រហូតជំរុញឱ្យនាយករដ្ឋមន្ត្រីខ្លួនហៅលោក ម៉ាក្រុង ទៅជាន់ដីថៃមុនមកភ្នំពេញ
N
Nary Vann
8 ម៉ោងមុន

រាជធានីបាងកក៖ មេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពលរបស់ថៃ បានចេញមុខជំរុញ និងបង្គាប់ឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរកុល (อนุทิน ชาญวีรกุล) ត្រូវតែប្រើប្រាស់ឱកាសមាសក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីអញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ឱ្យមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ «ឱ្យបានមុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា»។ យុទ្ធសាស្ត្រការទូតកាត់មុខលើកនេះ ត្រូវបានគេមើលឃើញថា ថៃកំពុងបារម្ភខ្លាំងពីការបាត់បង់ឥទ្ធិពល និងចាញ់ប្រៀបកម្ពុជានៅលើឆាកអន្តរជាតិ...។

លោក អានុទីន ឆានវីរកុល (อนุทิน ชาญวีรกุล)
លោក អានុទីន ឆានវីរកុល (อนุทิน ชาญวีรกุล)

លោក ណាត់ថៈពង្ស រឿងបញ្ញាវុធ (ณัฐพงษ์ เรืองปัญญาวุฒิ) មេដឹកនាំគណបក្សប្រជាជន (People's Party) បានគូសបញ្ជាក់យ៉ាងច្បាស់ៗ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលថៃ មិនត្រូវមើលរំលងទម្ងន់នយោបាយការទេសឡើយ។ ការដែលលោក ម៉ាក្រុង មានគម្រោងច្បាស់លាស់ក្នុងការមកជាន់ដីកម្ពុជា ដើម្បីចូលរួមសន្និសីទកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅខែវិច្ឆិកាខាងមុខនេះ គឺជាការទាក់ទាញចំណាប់អារម្មណ៍ពិភពលោកមកលើរាជធានីភ្នំពេញយ៉ាងខ្លាំង។ លោកបានសង្កត់ធ្ងន់ថា ការអញ្ជើញលោក ម៉ាក្រុង ឱ្យទៅជាន់ដីថៃមុនពេលបន្តដំណើរទៅកម្ពុជា គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយ ដែលនឹងជួយបង្កើតឱកាសកាន់តែល្អប្រសើរសម្រាប់ប្រទេសថៃ ក្នុងការដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃជាមួយកម្ពុជា (ដោយសារបារាំងជាអ្នកកាន់កាប់ឯកសារផែនទីប្រវត្តិសាស្ត្រ) ព្រមទាំងជួយទាក់ទាញរំហូរវិនិយោគិនបរទេសឱ្យបោះទុននៅថៃកាន់តែច្រើន។ លើសពីនេះ វាជាឱកាសជំរុញគម្រោងអន្តរកាលថាមពល ដូចជាបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ព្រោះបារាំងជាប្រទេសឈានមុខគេមួយដែលមានបច្ចេកវិទ្យាថាមពលកាបូនទាប ដែលថៃអាចសហការវិនិយោគជាមួយឯកជន ដោយមិនចាំបាច់ទៅខ្ចីលុយគេឡើយ។

លោក ណាត់តៈពង្ស រឿងបញ្ញវុទ្ធិ (ณัฐพงษ์ เรืองปัญญาวุฒิ), ប្រភពរូបភាព៖ The Nation
លោក ណាត់តៈពង្ស រឿងបញ្ញវុទ្ធិ (ณัฐพงษ์ เรืองปัญญาวุฒิ), ប្រភពរូបភាព៖ The Nation

ក្រៅពីការចង់កាត់មុខកម្ពុជា លោក ណាត់ថៈពង្ស ក៏បានព្រមានរាជរដ្ឋាភិបាលថៃចំៗ ជុំវិញការចំណាយកញ្ចប់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ក្នុងការហោះហើរទៅបារាំងលើកនេះ ដោយលោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ត្រូវតែមានលទ្ធផលជាក់ស្ដែង មិនមែនគ្រាន់តែទៅដើរកម្សាន្តនោះទេ។ លោកបានដាស់តឿនថា ថៃត្រូវតែទាក់ទាញការវិនិយោគឯកជនខ្នាតយក្ស និងរៀបចំផ្ទះខ្លួនឯងឱ្យស្អាតស្អំ តាមរយៈការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងលុបបំបាត់ការសូកប៉ាន់ ដើម្បីឆ្លើយតបទៅនឹងស្ដង់ដាររបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បើមិនសម្អាតខ្លួនទេ ទោះបីជាទៅអង្វរលោក ម៉ាក្រុង ដល់ប៉ារីស ក៏គ្មានអ្នកណាចង់មកបោះទុនលើដីថៃដែរ៕

លោក អេម៉ានូអែល ម៉ាក្រុង 
លោក អេម៉ានូអែល ម៉ាក្រុង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត