
រាជធានីភ្នំពេញ៖ ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងនោះមានភាពច្បាស់លាស់ អាចចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។ នេះជាប្រសាសន៍ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត ជំរុញផលិតកម្មអំបិល...។

លោកថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើគម្រោង បង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជា របស់ក្រុមហ៊ុន ចេនឡា ហ្វ៊ូដ អិចប្រេស ឯ.ក ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដោយបានផ្លាស់ប្ដូរយោបល់លើទិដ្ឋភាពគោលនយោបាយ, បច្ចេកទេស, ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ឆ្លើយតបនឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ។ លទ្ធផលក្នុងកិច្ចប្រជុំ បានបង្ហាញថា វិស័យផលិតកម្មអំបិលនៅកម្ពុជា ជាវិស័យមានសារសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ ។ ប៉ុន្តែវិស័យនេះ ក៏នៅមានចំណុចដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា៖ ការធ្វើទំនើបកម្មបច្ចេកទេសផលិត, ការលើកកម្ពស់គុណភាព និងស្ដង់ដារ, ការរៀបចំឃ្លាំងស្តុក, ការគាំទ្រផលិតករ និងសហគមន៍អំបិល, ជាពិសេស ការប្រើប្រាស់ដីស្រែអំបិល ឱ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មអំបិលក្នុងស្រុក។

លោក ហ៊ាន សាហ៊ីប ប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល បានលើកឡើងថា៖ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល ត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និងចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។ យ៉ាងណា ការពិចារណាលើការស្នើសុំវិនិយោគ និងការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន, ភាពច្បាស់លាស់នៃប្រភពទុន, សមត្ថភាពបច្ចេកទេស, ផលប៉ះពាល់បរិស្ថាន-សង្គម, ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និងផលប្រយោជន៍សាធារណៈ។ ឆ្លើយតបនឹងសំណើគម្រោងបង្កើតរោងចក្រផលិតអំបិលរបស់ក្រុមហ៊ុនខាងលើ អង្គប្រជុំខាងលើបានផ្តល់ជាមតិយោបល់ និងធាតុចូលល្អៗ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តសិក្សា និងរៀបចំការស្នើសុំឱ្យបានលម្អិត ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និងស្របតាមអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិល ឱ្យមានភាពប្រទាក់ក្រឡា និងមានចីរភាព៕





