
ក្រុងកំពង់ឆ្នាំង៖ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅក្រុងកំពង់ឆ្នាំង មានប្រជាពលរដ្ឋម្នាក់ផ្ញើវីដេអូពីសកម្មភាពជិះបញ្ច្រាសទិសរបស់កម្មកររោចក្រយ៉ាងអនាធិបតេយ្យ។ ទង្វើនេះ មានហានិភ័យខ្ពស់ណាស់ដល់អ្នកធ្វើដំណើរលើដងផ្លូវ...។

បុរសម្នាក់ បានផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ដោយបង្ហាញពីសកម្មភាពកម្មករ-កម្មការិនីរោងចក្រចេញពីធ្វើការជិះប្រសេចប្រសាចពេញថ្នល់ និងខ្លះទៀតជិះគន្លងផ្លូវបញ្ច្រាសក៏មាន ស្ថាិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ម្តុំផ្សារត្រាច ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សារជាសំឡេង និងវីដេអូ ដែលពលរដ្ឋបានផ្ញើមកកាន់ SBM News បានឱ្យដឹងយ៉ាងដូច្នេះថា៖«[វីដេអូ]នេះនៅកំពង់ឆ្នាំង ផ្លូវជាតិលេខ៥[..] នេះខ្ញុំថតដោយសារពលរដ្ឋគាត់ជិះបញ្ច្រាសខ្លាំងណាស់ បងអើយតំបន់ហ្នឹង! ដោយសារពួកគាត់ចេញពីរោងចក្រជិះបញ្ច្រាសតែម្ដង»។ បុរសខាងលើបន្ថែមថា ប្រសិនបើពួកគាត់នៅតែមិនគោរពច្បាប់ចរាចរណ៍បែបនេះ ខ្លាចតែមានគ្រោះថ្នាក់ធំកើតឡើងម្ដងទៀតទេ នៅម្តុំនឹង! ព្រោះកន្លងទៅថ្មីៗ មានករណីគ្រោះថ្នាក់ស្លាប់មនុស្សជាច្រើននាក់ រួចទៅហើយ ដូច្នេះ ខ្ញុំសូមស្នើឱ្យខាងបងជួយផ្សព្វផ្សាយអប់រំពួកគាត់ផង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ ការីនិពន្ធព័ត៌មាននៃអង្គភាពសារព័ត៌មាន SBM News បានស្នើសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ នៅរសៀលថ្ងៃទី២៧ឧសភា ឆ្នាំ២០២៦ តាមប្រព័ន្ធទូសព្ទ ដោយលោកបញ្ជាក់ប្រាប់ថា បច្ចុប្បន្ន លោកបានដាក់កម្លាំងមន្ត្រីនគរបាលចរាចរណ៍គ្រប់ច្រក ដើម្បីអប់រំ ណែនាំ ក៏ដូចជាផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេស បងប្អូនកម្មករ-កម្មការិនីរោងចក្រ ឱ្យបានយល់ដឹងពីច្បាប់ពីច្បាប់ចរាចរណ៍ផ្លូវគោក។ លោកស្នងការរងសង្កត់ធ្ងន់ថា ក្នុងករណីអប់រំណែនាំហើយ នៅតែមិនធ្វើតាម នោះសមត្ថកិច្ចជំនាញ នឹងអនុវត្តតាមនីតិវិធីច្បាប់តែម្ដង ពោលគឺត្រូវទទួលរងការពិន័យតាមច្បាប់កំណត់ជាធរមាន។ គួរជ្រាបថា ការផាកពិន័យទៅកាន់អ្នកបើកម៉ូតូជិះបញ្ច្រាសផ្លូវ គឺចំនួន១០ម៉ឺនរៀល ដែលត្រូវបានកំណត់នៅក្នុងមាត្រា៦ (ចំណុចទី៣ ង) នៃអនុក្រឹត្យលេខ៣៩ អនក្រ.បកនៃច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា៕



